គាបស្លាប់ក្នុងរថយន្តដឹកឈើម្នាក់ របួសធ្ងន់ម្នាក់ សង្ស័យតៃកុងងងុយដេក រ៉េបុកគល់ឈើនៅខេត្តព្រះវិហារ
ព្រះវិហា ៖ គ្រោះថ្នាក់ចរាចរ រថយន្តបាឡែនដឹកឈើកែឆ្នៃរួច សង្ស័យតៃកុងងងុយដេក បានរ៉េចង្កូតទៅបុកគល់ឈើពេញទំហឹង បណ្តាលអោយស្លាប់គាបជាប់ នឹងរថយន្តម្នាក់ របួសធ្ងន់ម្នាក់ កាលពីម៉ោង៤ទាបភ្លឺ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៤ លើកំណាត់ផ្លូវជាតិលេខ ៦២ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២០៨-២០៩ស្ថិតនៅភូមិត្រពាំងសង្កែ ខាងលិចឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
តាមសមត្ថកិច្ចនគរបាលចរាចរណ៍ បានអោយដឹងថាករណីគ្រោះថ្នាក់ខាងលើ កើតឡើងដោយរថយន្តម៉ាក camry បាឡែនពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2AB.4229 បើកបរពីទិសខាងកើតទៅលិច លុះដល់ចំណុចកើតហេតុខាងលើ បានរ៉េចង្កូតចេញពីផ្លូវ ទៅបុកគល់ឈើបណ្តាលអោយរថយន្ត រងការខូចខាត់ធ្ងន់ផ្នែកខាងមុខ និងបណ្តាលអោយឈើដែលផ្ទុកក្នុងរថយន្ត បុកគាបតៃកុងជាប់និងដៃចង្កូតស្លាប់និងកន្លែង ។ ចំណែកអ្នករួមដំណើរម្នាក់ទៀត រងរបួសធ្ងន់បាក់ភ្លៅ ទាំងសងខាង ត្រូវបានគេជួយសង្រ្គោះនាំទៅមន្ទីរពេទ្យ។
អ្នកបើកបររថយន្តមានឈ្មោះ ធី ថន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរអ្នកបើកបររថយន្ត រស់នៅភូមិទួលកណ្ដាល ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ចំណែកអ្នករួមដំណើរមានឈ្មោះ តន់ សារ៉ូ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករ រស់នៅភូមិទួលកណ្ដាល ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
តាមការពិនិត្យនិងសន្និដ្ឋានរបស់សមត្ថកិច្ច ករណីគ្រោះថ្នាក់ចរាចរខាងលើ គឺ បង្កឡើងដោយខ្លួនឯងសង្ស័យតែកុងងងុយដេក ហើយដោយសាររថយន្តដឹកធ្ងន់ផង ទើបបង្កអោយមានអ្នកគាបស្លាប់ និងរបួសធ្ងន់។
ក្រោយកើតហេតុ សពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តឧត្តរមានជ័យ អ្នករងរបួស បានបញ្ជូនទៅមន្ទីរពេទ្យអគ្គស្រអែម វត្ថុតាងបានយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ៕
ដោយ ៖ រ៉ាស៊ី