រដ្ឋលេខាធិការក្រសួងដែនដី អំពាវនាវដល់ពលរដ្ឋមានបញ្ហាទំនាស់ដីធ្លី សូមរត់ទៅរកអាជ្ញាធរគ្រប់ជាន់ថ្នាក់ មិនត្រូវរត់ទៅរកអ្នកណាមួយដែលមានចរិកញុះញុង

បន្ទាយមានជ័យ ៖ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដី បានអំពាវនាវតាមរយៈអាជ្ញាធរភូមិសង្កាត់ ផ្សព្វផ្សាយដល់បងប្អូនទាំងអស់ដែលមានបញ្ហា ទំនាស់ដីធ្លី សូមរត់ទៅរកអាជ្ញាធរភូមិឃុំស្រុកខេត្ត មិនត្រូវរត់ទៅរកអ្នកណាម្នាក់ដែលមានចរិកញុះញុង ។ ព្រោះកន្លងមក រឿងទំនាស់ដីធ្លី មានចរិញុះញុងបែបនយោបាយ ។

ការអំពាវនាវនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាខេត្តបន្ទាយមានជ័យ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក មាស ដារ៉ា ជាប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្តាយមានជ័យ និងអនុប្រធាន ប្រធានការិយាល័យ ចំនួន០៥រូប រួមាន ៖ ១.លោក យឹម មករា អនុប្រធានមន្ទីរ, ២.លោក ប៊ុន វុត្ថា អនុប្រធានមន្ទីរ, ៣.លោក អ៊ុំ វិណារ៉ា អនុប្រធានមន្ទីរ, ៤.លោក អ៊ឹម រីប៉ូ ប្រធានការិយាល័យរដ្ឋបាល, ៥.លោក ឆាយ សុវណ្ណា ប្រធានការិយាល័យរៀបចំដែនដី ។

ការប្រកាសនេះផងដែរ បន្ទាប់ពីប្រធាន អនុប្រធាន និងប្រធានការិយាល័យនៃមន្ទីរនេះ ត្រូវបានក្រសួងដកបញ្ឈរជើង ក្រោយមានរឿងទំនាស់ផ្ទៃក្នុងប្តឹងផ្តល់រវាងថ្នាក់ក្រោម និងប្រធានមន្ទីរ ។

ឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដី តំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដី បានបន្តថា ដើម្បីជៀសវាងមានបញ្ហាទំនាស់ ឬបញ្ហាមិនចុះសម្រុងនឹងគ្នា ប្រធានមន្ទីរថ្មី ក៏ដូចជាអស់លោកដែលត្រូវបានតែងតាំងថ្មី ត្រូវមានកត្តាសាមគ្គី យោគយល់គ្នាតែមិនប្រាស់ចាកពីច្បាប់ និងកត្តារដ្ឋបាល ត្រូវតែមានបែបបទរដ្ឋបាលច្បាស់លាស់ ។

ដើម្បីឆ្លើតបនឹងការគាំទ្រ ជំនឿទុកចិត្តពីប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង ខេត្ត លោក មាស ដារ៉ា ជាប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្តាយមានជ័យថ្មី បានធ្វើការប្តេជ្ញាចិត្ត ៖ គោរពតាមគោលនយោបាយច្បាប់ និងមាគ៌ាដឹកនាំរបស់ប្រមុខរដ្ឋាភិបាល ក្រសួង ខេត្ត ដើម្បីបន្តនិរន្តភាពការងារក្នុងមន្ទីរ ពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ, បន្តជម្រុញ និងអនុវត្តន៍តាមកម្មវិធីចំនួន ១៥ចំណុច, ប្តេជ្ញាបំពេញតួនាទីភារៈកិច្ចប្រកបដោយមនសិកាវិជ្ជាជីវៈ ស្មោះត្រង់ ប្រកបដោយតម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់, ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ៕

ដោយ ៖ K-P

CATEGORIES
Share This