រាជអាវុធហត្ថខេត្តព្រះវិហារ ចុះផ្សព្វផ្សាយ អំពីគ្រោះថ្នាក់ នៃគ្រឿងញៀន ដល់នាយទាហាន និងពលទាហាន នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧

ព្រះវិហារ ៖  លោក វរសេនីយ៍ឯក ជួរ ប៊ុនសុង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះអប់រំផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍ ស្តីពីការកំណត់អត្តសញ្ញាណគ្រឿងញៀន និងចំណេះដឹងជាមូលដ្ឋានស្តីពីគ្រឿងញៀន ជូនដល់នាយទាហាន និងពលទាហាន សរុបចំនួន១៥០ នាក់ ការប្រារពកម្មពិធីនេះធ្វើនៅព្រឹកថ្ងៃ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៧ ក្រោមការទទួលស្វាគមន៍ពីសំណាក់ ឧត្តមសេនីយ៍ត្រី ទេព ឈឿន មេបញ្ជាការរង តំណាងដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ។

ក្នុងពិធីនេះដែរ លោកវរសេនីយ៍ឯក ជួរ ប៊ុនសុង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រវិហារ បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំនៃទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ រួមជាមួយនាយទាហាន និងពលទាហាន ដែលបានផ្ដល់កិត្តិយស ដល់រូបលោក និងក្រុមការងារ ចុះផ្សព្វផ្សាយអំពី ច្បាប់ ឥទ្ធិពល គ្រោះថ្នាក់ផលប៉ះពាល់ នៃគ្រឿងញៀន ដើម្បីចែករំលែកចំណេះដឹងបានមកពីការបំពេញភារកិច្ច នាពេលកន្លងមក ។ 

លោក បានបញ្ជាក់ទៀតថា គ្រឿងញៀន មិនមែនជាឱសថ ជំនួយកម្លាំង បំប៉នស្មារតី ឱ្យក្មេងជាងវ័យនោះទេ គ្រឿងញៀន គឺបំផ្លាញសុខភាពទ្រព្យសម្បត្តិ អាយុ ជីវិត ផ្ដល់ផលលំបាកដល់ក្រុមគ្រួសារ និងសង្គមជាតិ ហើយអ្នកញៀនគ្រឿងញៀនឈានទៅប្រព្រឹត្តបទល្មើសនានាដែលសង្គមស្អប់ខ្ពើមផងដែរ។

ក្នុងពិធីនោះដែរ ឧត្តមសេនីយ៍ត្រី ទេព ឈឿន មេបញ្ជាការរង កងពលតូចអន្តរាគមន៍លេខ៧ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកវរសេនីយ៍ឯក ជួរ ប៊ុនសុង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រមទាំងក្រុមការងារ ដែលបានចំណាយពេលដ៏មានតម្លៃអញ្ជើញចុះអប់រំផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍ ស្តីពីការកំណត់អត្តសញ្ញាណគ្រឿងញៀន និងចំណេះដឹងជាមូលដ្ឋានស្តីពីគ្រឿងញៀន ជូនដល់នាយទាហាន និងពលទាហានក្នុងថ្ងៃនេះ។

ជាចុងបញ្ចប់ ឧត្តមសេនីយ៍ត្រី ទេព ឈឿន បានផ្តល់មតិដាស់តឿនរំលឹក ដល់នាយ និងពលទាហានទាំងអស់ ប្រឹងប្រែងអនុវត្តបទបញ្ជា វិន័យសណ្តាប់ធ្នាប់ និងខិតខំបំពេញកត្តព្វកិច្ចការងារ ដែលថ្នាក់លើប្រគល់ជូន ជាពិសេសដល់ នាយ និងពលទាហាន ត្រូវប្រឹងប្រែងសិក្សារៀនសូត្រ ក្រេបជញ្ជក់នូវចំណេះជំនាញ និងយុទ្ធវិធីផ្សេងៗ ដើម្បីយកទៅប្រើប្រាស់ និងអនុវត្តឲ្យមានប្រសិទ្ធភាព និងក្លាយជាយុទ្ធជនគម្រូ អង់អាចក្លាហាន នាថ្ងៃអានាគត និងសូមជៀសវាងឲ្យផុតពីការ ប្រព្រឹត្តគ្រឿងស្រវឹង ជាពិសេសជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀន ៕

ដោយ ៖ រ៉ាស៊ី

CATEGORIES
Share This