បាល់ទាត់៖ David Beckham អតីតប្រធានក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានប្រកាសពីការបង្កើតក្លឹបបាល់ទាត់ថ្មីរបស់ខ្លួនជាផ្លូវការហើយ កាលពីថ្ងៃចន្ទទី២៩ ខែមករា ម្សិលម៉ិញនេះនៅទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក។
Beckham បានបញ្ចប់កិច្ចសន្យាលេងអោយ LA Galaxy នៅឆ្នាំ2014 ងាកមកលើការវិនិយោគទន់បាល់ទាត់ដោយខ្លួនឯង និងទាក់ទង់បង្កើតក្លឹបបាល់ទាត់តាំងពីពេលនោះមក។ យ៉ាងណាក៏ដោយក្លឹបបាល់ទាត់ថ្មីនៅមិនទាន់ដាក់ឈ្មោះនៅឡើយ តែតាមគម្រោងក្លឹបថ្មីនោះនឹងលេងក្នុងកីឡដ្ឋានថ្មីមួយ ដែលអាចផ្ទុកទស្សនិកជនបាន 25000នាក់មានមូលដ្ឋាននៅទីក្រុង Miami ខណៈដែលអតីតខ្សែបំរើស្លាបស្ដាំរបស់បិសាចក្រហម Manchester United រូបនេះសន្យាថា នឹងនាំក្រុមអោយចូលរួមនៅក្នុងក្របខណ្ឌ Major League Soccer និងជាក្រុមរឹងមាំបំផុតមួយ។
ក្នុងឱកាសនោះដែរ David Beckham ក៏ទទួលបានការអបអរតាមរយៈវីដេអូឃ្លីបមួយ ដែលរួមមានកូនបួននាក់ និងភរិយារបស់គេ Victoria Beckham តារាចម្រៀងក្នុងក្រុម Spice Girl រួមមជាមួយ Serena Williams, Usain Bolt, Jay-Z និង Jennifer Lopez ជាដើម។
សូមបញ្ជាក់លីហ្គបាល់ទាត់អាមេរិកខុសពីលីហ្គបាល់ទាត់ប្រទេសផ្សេងៗ ដោយមិនមានក្រុមដែលត្រូវកាត់ចេញនោះទេ។ ក្លឹបបាល់ទាត់ថ្មីមួយត្រូវមានគ្រប់លក្ខខណ្ឌដែល Major League Soccer ត្រូវការដូចជាមានកីឡដ្ឋានផ្ទាល់ខ្លួន, មានទំហំហិរញ្ញវត្ថុគ្រប់គ្រាន់ជាដើម ទើបមានសិទ្ធទិញអាជ្ញាប័ណ្ណអោយក្លឹបចូលប្រកួតបាន៕