ឯកឧត្តម សុខ លូ ចុះប្រគល់ផ្ទះ០១ខ្នង និងផ្តល់អំណោយមនុស្សធម៌ ដល់ពលរដ្ឋងាយរងគ្រោះ ៥០គ្រួសារ នៅស្រុកសង្កែ

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារចុះប្រគល់ផ្ទះមនុស្សធម៌០១ខ្នងជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់លោកស្រី អែ សុខគីម អាយុ៣៤ឆ្នាំ ជាស្រ្តីមេម៉ាយមានកូន២នាក់មានជីវភាពក្រីក្រខ្លាំងដែលរងគ្រោះដោយអគ្គិភ័យកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤កន្លងទៅ ព្រមទាំងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៥០គ្រួសារផងដែរ។

ក្នុងឱកាសនោះ បន្ទាប់ពីស្តាប់របាយការណ៍របស់លោក នាង ចន្ទថារ៉ា  អភិបាលស្រុកនិងជាប្រធានអនុសាខាស្រុកសង្កែរួចមក ឯកឧត្តម សុខ លូ បានពាំនាំប្រសាសន៍ផ្តាំផ្ញើរពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងបានចូលរួមត្រេកអរចំពោះលោកស្រី អែ សុខគីម ដែលទទួលបានទីជម្រកថ្មីដ៏សែនកក់ក្ដៅសម្រាប់ជ្រកកោន និងបានក្រើនរម្លឹកទៅដល់បងប្អូនទាំងអស់សូមថែរក្សាសុខភាពខ្លួន ប្រសិនបើបងប្អូន និងកូនមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ សូមប្រញ៉ាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត ពិសេសគឺសុខភាពកុមារ និងស្ត្រីមានផ្ទៃពោះ ព្រមទាំងមានការប្រុងប្រយ័ត្នចំពោះកុមារតូចៗ នៅក្នុងរដូវវស្សានេះ ដែលពោពេញទៅដោយទឹក នៅតាមស្ទឹង អូរ ប្រឡាយ ត្រពាំង ដើមី្បជៀសវាងកើតឡើងនូវប្រការអាក្រក់ណាមួយ ចំពោះ ក្រុមគ្រួសារបងប្អូន និងធ្វើអនាម័យ បរិស្ថាននៅជុំវិញលំនៅដ្ឋាន និង បំបាត់ទីជម្រកមូសខ្លា ដែលជាភ្នាក់ងារជំងឺគ្រុនឈាម មកលើកុមារ ក៏ដូចមនុស្សគ្រប់វ័យផងដែរ។

សូមបញ្ជាក់ថា ផ្ទះលេខរៀងទី១៦ដែលជាអំណោយរបស់សាខាខេត្តខាងលើនេះ ចំណាយថវិកាអស់ ៥.៥៥០ដុល្លារ (ប្រាំពាន់ប្រាំរយហាសិបដុល្លារអាមេរិក) មានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ ក្រាលការ៉ូ ដំបូលប្រក់សង្ក័សី មានបន្ទប់ទឹកមួយ និងតយ៉ាបខាងមុខ ២.៥ម៉ែត្រ ផងដែរ។

ជាកិច្ចឆ្លើយតប លោកស្រី អែ សុខគីម និងប្រជាពលរដ្ឋងាយរងគ្រោះ មានក្តីរំភើបរីករាយឥតឧបមាដែលទទួលបានជម្រករស់នៅសមរម្យសម្រាប់រស់នៅជាមួយកូនៗទាំងពី ជាពិសេសការគិតគូររបស់ថ្នាក់ដឹកនាំដែលបានយកចិត្តទុកដាក់ ដល់ក្រុមគ្រួសាររបស់លោកស្រី ធ្វើអោយលោកស្រីនិងក្រុមគ្រួសារមានភាពកាន់តែកក់ក្តៅ ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណកម្មាធិការសាខាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុនសែន ដែលបានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងបានផ្តល់ថវិកាសម្រាប់ការផ្គត់ផ្គង់គ្រួសារ និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា សម្តេចទាំងទ្វេ និងក្រុមគ្រួសារ សូមទទួលបាននូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្តល់ជូនអំណោយសម្រាប់សង្កត់ផ្ទះរួមមាន ៖ អង្ករ ១០០គីឡូក្រាម, មី២កេស,ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ត្រីខ២យួរ, ទឹកបរិសុទ្ធ៤កេស និងថវិកា៤០ម៉ឺនរៀល ដោយឡែកគ្រួសារងាយរងគ្រោះមានជនចាស់ជរា ជនមានពិការភាព និងគ្រួសារក្រីក្រចំនួន ៥០គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម , មី១កេស ,ទឹកបរិសុទ្ធ១កេស ,ទឹកត្រី១យួរ ,ទឹកស៊ីអ៉ីវ១យួរ ផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This