មន្ត្រីជំនាញ បង្ក្រាបទីតាំងសិប្បកម្មកែច្នៃវល្លិ៍រមៀត មួយកន្លែង ឃាត់ខ្លួនជនជាតិចិន០៣នាក់
បាត់ដំបង ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយកម្លាំងផ្នែករដ្ឋបាលព្រៃឈើស្រុករតនៈមណ្ឌល ដឹកនាំដោយលោក ទុត វីនីត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានចុះធ្វើការបង្ក្រាបទីតាំងសិប្បកម្មកែច្នៃវល្លិ៍រមៀតមួយកន្លែងក្នុងបទល្មើសជាក់ស្តែង។
កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ១៣និង១០នាទី ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចសៃឡូមួយកន្លែង ស្ថិតនៅក្នុងភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ។
ជាមួយកិច្ចប្រតិបត្តិការនេះដែរ ជាលទ្ធផលមន្ត្រីជំនាញបានធ្វើការឃាត់ខ្លួនបុរសជនជាតិចិនចំនួន០៣នាក់ជាមួយវត្ថុតាង ,សាសឺរ ចំនួន០១គ្រឿង , ម៉ាស៊ីនកិនវល្លិ៍រមៀត ចំនួន០២គ្រឿង , ម៉ាស៊ីនភ្លើង ចំនួន ០១គ្រឿង ,ម៉ូតូ០១គ្រឿង ,និងម្សៅចម្រាញ់ពីវល្លិ័រមៀតមួយចំនួនផងដែរ បន្ទាប់មកក៏បានប្រគល់អោយកម្លាំងជំនាញរដ្ឋបាលព្រៃឈើដើម្បីអនុវត្តតាមនីតិវិធី ៕
ដោយ ៖ សាលី