គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ត្រូវពលរដ្ឋប្រទះឃើញក្នុងដីចំការ នៅស្រុកគាស់ក្រឡ

ខេត្តបាត់ដំបង! គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ត្រូវបានពលរដ្ឋប្រទះឃើញខណៈដែលពួកគាត់ចុះឈូសឆាយដីចំការដើម្បីដាំដំណាំ។

លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានបញ្ជាក់ឲ្យដឹងថា÷ កាលពីរសៀលថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញ ប្រជាពលរដ្ឋជាកសិករបានចុះឈូសឆាយដីដាំដំណាំនៅក្បែរចំណុចមាត់បឹង ស្ថិតក្នុងភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក៏បានប្រទះឃើញគ្រាប់កាំភ្លើងធុនធ្ងន់ជាច្រើនគ្រាប់ បន្ទាប់មកក៏បានរាយការណ៍មកកាន់សមត្ថកិច្ចដើម្បីចុះមកពិនិត្យជាក់ស្តែង។

លោកអធិការបានបន្ថែមថា÷ ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅពិនិត្យឃើញថាគ្រាប់កាំភ្លើងដែលពលរដ្ឋប្រទះឃើញខាងលើនេះជាគ្រាប់ដែលនៅសេសសល់តាំងពីសម័យសង្គ្រាមដែលមានចំនួនសរុប ១៤គ្រាប់ក្នុងនោះមាន÷ ប្រភេទគ្រាប់ ៦០មីលីម៉ែត្រ ចំនួន ០២គ្រាប់, គ្រាប់ប្រភេទ ៦៩មីលីម៉ែត្រ ០១គ្រាប់, គ្រាប់កាំភ្លើងប្រភេទដេកា ៧៥មីលីម៉ែត្រចំនួន ០៦គ្រាប់, ក្បាលគ្រាប់ ១០០លី ចំនួន ០៣គ្រាប់, កង់ដង់បេ ៤០ មួយគ្រាប់ និងគ្រាប់ប្រភេទ PMN២ មួយគ្រាប់ផងដែរ។

លោកបានបញ្ជាក់ថា ក្រោយពិនិត្យឃើញដូច្នេះនគរបាលមូលដ្ឋានបានរាយការណ៍បន្តទៅកាន់មន្ត្រីអង្គភាព ស៊ីម៉ាក មករំដោះចេញហើយយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាពរងចាំពេលវេលាដើម្បីដុតកម្ទេចចោលនៅពេលក្រោយ៕

CATEGORIES
Share This