កងពលធំអន្តរាគមន៍លេខ៣ នាំយកថវិកាសប្បុរសធម៌ ជាង១០០លានរៀល បរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ
សៀមរាប ៖ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៌ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ បានដឹកនាំប្រតិភូកងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍ទាំងបី ចំណុះ នាំយកថវិកាសរុបចំនួន ១០០,០០០,០០០រៀល (មួយរយលានរៀល) និងថវិកាសប្បុរសជនចំនួន១៣,៤៨,២០០០រៀល ទៅបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ស្ថិតនៅក្នុងខេត្តសៀមរាប ។
ក្នុងនោះមន្ទីរពេទ្យគន្ធបុប្ផាទទួលបានថវិកាបរិច្ចាគចំនួន ៥០,០០០,០០០៛(ហាសិបលានរៀល) និងថវិកាសប្បុរសជនចំនួន៨,៧១៦,០០០៛(ប្រាំបីលានចិតសិបមួយម៉ឺនប្រាំមួយពាន់រៀល)។ និងមន្ទីរពេទ្យកុមារអង្គរ ទទួលបានថវិកាបរិច្ចាគចំនួន ៥០,០០០,០០០៛(ហាសិបលានរៀល)និងថវិកាសប្បុរសជនចំនួន៤,៧៦៦,០០០៛(បួនលានចិតសិបប្រាំមួយម៉ឺនប្រាំមួយពាន់រៀល) ។
ឧត្តមសេនីយ៍ឯក ស្រី ឌឹក មានប្រសាសន៍ឲ្យដឹងថា ថវិកាចំនួន ១១៣,៤៨,២០០០៛ ដែលក្រុមការងារនាំយកទៅបរិច្ចាគជូនដល់មន្ទីរពេទ្យទាំងពីរ គឺជាការចូលរួមវិភាគទានដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្ត របស់នាយទាហាន នាយទាហានរង ពលទាហាន កងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣ ដើម្បីជាការឆ្លើយតបទៅតាមការអំពាវនាវ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា《បច្ចុប្បន្ន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា》ក្នុងពិធីសម្ភោធដាក់ឱ្យដំណើរការ《មូនិធិគន្ធបុប្ផាកម្ពុជា》នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅវិមានសន្តិភាព រាជធានីភ្នំពេញ និងបន្តមករាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយយករដ្ឋមន្រ្តី បន្តអនុវត្តយ៉ាងសកម្ម នូវកម្មវិធីគាំពារសង្គម ការពាររឹងមាំខឿនសុខភាពរបស់ប្រជាជន ជាពិសេសសកម្មភាពមនុស្សធម៌ រួមចំណែកគាំទ្រលើកស្ទួយកិច្ចដំណើរការគាំពារផ្នែកសុខភាព ប្រកបដោយគុណភាពជូនស្រ្តីសម្រាលកូន(មន្ទីពេទ្យគន្ធបុប្ផា) និងកុមារកម្ពុជា(មន្ទីពេទ្យទាំងពីរ)ដោយមិនគិតថ្លៃ។
ឯកឧត្ដម ក៏បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកវេជ្ជបណ្ឌិត អគ្គនាយក មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា និងលោកវេជ្ជបណ្ឌិត អគ្គនាយក មន្ទីពេទ្យកុមារអង្គរ និងសហការីទាំងអស់ ដែលប្រកបដោយកាយវិការមនុស្សធម៌ចំពោះប្រជាជនកម្ពុជា បានបង្កើត ស្នាមញញឹម និងផ្តល់ក្ដីសង្ឃឹម ជាទីទុកចិត្តដល់ប្រជាជនកម្ពុជា ។
ដើម្បីរួមចំណែកបន្តររក្សានិរន្តរភាព នៃកិច្ចដំណើរការព្យាបាល របស់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ក្នុងគោលដៅជួយសង្រ្គោះ និងលើកកម្ពស់សុខុមាលភាពរបស់ទារក និងកុមារ នៅកម្ពុជា។ និងសូមអំពាវនាវដល់សប្បុរសជនទាំងអស់ ចូលជាសមាជិកគាំទ្ររបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយបរិច្ចាគចាប់ពី ៥,០០០៛/ខែ ឬ៦០,០០០៛/ឆ្នាំ ក្នុងស្មារតី “ខ្មែរជួយខ្មែរ”។ ដើម្បីនិរន្តរភាព របស់មន្ទីរពេទ្យទាំង២ ក្នុងបេសកកម្មសង្រ្គោះជីវិតកុមារកម្ពុជា ។
ជាមួយគ្នានោះដែរ មូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា និងមូលនិធិមន្ទីរពេទ្យកុមារអង្គរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ស្រី ឌឹក មេបញ្ជាការរង កងទ័ពគោក មេបញ្ជាការ កងពលធំអន្តរាគមន៌លេខ៣ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលធំអន្តរាគមន៌លេខ៣ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣ ចំពោះទឹកចិត្តសប្បុរសធម៌ក្នុងការបរិច្ចាគ នូវថវិកាផ្ទាល់ខ្លួន ដោយស្ម័គ្រចិត្ត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ក្នុងការបន្តផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ នៅកម្ពុជាដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើងចំពោះវណ្ណៈមនុស្សជាតិ ៕
ដោយ ៖ រ៉ាស៊ី