ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ទទួលស្វាគមន៍ អគ្គកុងស៊ុលនៃព្រះរាជាណាចក្រថៃ ប្រចាំខេត្តសៀមរាប 

បន្ទាយមានជ័យ ៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បានទទួលស្វាគមន៍ និងសំណេះសំណាលពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ និងចងសម្ព័ន្ធមេត្រីភាព ជាមួយអគ្គកុងស៊ុលនៃព្រះរាជាណាចក្រថៃ ប្រចាំខេត្តសៀមរាប ។

ក្នុងជំនួបសំណេះសំណាលនេះ ខាងកម្ពុជា ដឹកនាំដោយលោកវរសេនីយ៍ឯក ចាន់ ស៊ីម៉េត និងមានការចូលរួមពីលោកនាយរងប៉ុស្តិ៍ នាយផ្នែក-នាយរងផ្នែក និងមន្ត្រីអង្គភាពទេសចរណ៍ ។ ខាងភាគីថៃ ដឹកនាំដោយឯកឧត្ដម  PASUKUN TEERA-OUTAKORN  អគ្គកុងស៊ុលនៃព្រះរាជាណាចក្រថៃ ប្រចាំខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធមួយចំនួន និងនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ។

កិច្ចពិភាក្សាខាងលើ ផ្ដោតទៅលើការយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការ និងការទប់ស្កាត់ការជួញដូរមនុស្សខុសច្បាប់ ពិសេសចំពោះពលរដ្ឋថៃ ដែលស្នាក់នៅធ្វើការងារតាមក្រុមហ៊ុននានាក្នុងក្រុងប៉ោយប៉ែត ពេលពួកគាត់ជួបនឹងបញ្ហាផ្សេងៗ ត្រូវផ្ដល់ព័ត៌មានជូនគ្នាទៅវិញទៅមក ដើម្បីរួមគ្នាដោះស្រាយ និងការពារសុវត្ថិភាពជូនពួកគាត់ ។

ក្នុងនោះដែរ ឯកឧត្ដម  PASUKUN TEERA-OUTAKORN បានសំណូមពរមកភាគីកម្ពុជា ពេលដែលបញ្ជូនពលរដ្ឋថៃចេញពីប្រទេស សូមផ្ដល់ព័ត៌មាន ចំនួន ០៣ថ្ងៃមុន ដើម្បីភាគីថៃរៀបចំក្រុមការងារទទួលយកពលរដ្ឋខ្លួន បានទាន់ពេលវេលា ៕

CATEGORIES
Share This