អបអរសាទរ ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៤ របស់កាកបាទក្រហមខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ លោក យុត ស្វិនី ហេរញ្ញិតគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ តំណាង លោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៤ ក្រោមប្រធានបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធនសហគមន៍ក្នុងសន្តិភាព” ដែលបានប្រារព្ធធ្វើឡើងនៅវិទ្យាល័យស្រុកភ្នំស្រុក នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។

លោក ឈូ ប៊ុនរឿង សមាជិកគណៈកម្មាធិការសាខា បានអានសារលិខិត សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានខ្លឹមសារថា ជាការពិតណាស់ ការប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត មានគោលបំណងសំខាន់សម្តែង នូវកត្តញ្ញូតាធម៌ ទទួលស្គាល់ស្នាដៃ និងគុណតម្លៃនៃការលះបង់កម្លាំងកាយចិត្ត ពេលវេលា របស់អ្នកស្ម័គ្រចិត្តរាប់លាននាក់ទូទាំងសាកលលោក ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ក្នុងការជួយសង្គ្រោះអាយុជីវិត ការកសាងភាពធន់សហគមន៍ ការពង្រឹងកម្លាំងសកម្មនៅមូលដ្ឋាន និងក្នុងការលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ដើម្បីបុព្វហេតុមនុស្សធម៌នៅគ្រប់ទីកន្លែង។ កាកបាទក្រហមកម្ពុជា សូមប្ដេជ្ញាពួតដៃរួមកម្លាំងជាមួយ សមាគមជាតិទាំង១៩១ នៅជុំវិញពិភពលោកក្នុងកិច្ចខិតខំប្រឹងប្រែង “ការពារមនុស្សជាតិ” និងសូមចូលរួមមរណទុក្ខជាមួយគ្រួសារសពអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានបាត់បង់ជីវិតក្នុងការជួយ សង្គ្រោះអាយុជីវិតអ្នករងគ្រោះនៅក្នុងគ្រប់ទីកន្លែង និងគ្រប់ស្ថានភាពនៃវិនាសកម្មបង្កដោយ មនុស្ស និងធម្មជាតិ។

ឯកឧត្តម យុត ស្វិនី បានមានប្រសាសន៍ថា ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិ តាមសេចក្ដីសម្រេចលេខ ៤០/២១២ របស់មហាសន្និបាត នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៨៥ ដើម្បីសម្រេចបាននូវបេសកកម្មមនុស្សធម៌ទទួលបានជោគជ័យនោះ កាកបាទក្រហមត្រូវការជាចាំបាច់ចំពោះអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមទាំងអស់ ដែលជាកម្លាំងចលករជាឆ្អឹងខ្នង និងជាអ្នកប្រត្តិបត័ករជួរមុខដែលពុំអាចខ្វះបាន។

ចុងបញ្ចប់ គណៈអធិបតី បានផ្ដល់នូវប័ណ្ណសរសើរ និងកាដូរលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្ត និងយុវជន៕

CATEGORIES
Share This