ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យថ្មី ប្តេជ្ញាចិត្តបន្តពង្រឹង ការប្រមូលចំណូលពន្ធចូលរដ្ឋ ឲ្យបានតាមផែនការរដ្ឋាភិបាល
បន្ទាយមានជ័យ ៖ លោក សន សុីផល ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យថ្មី ក្នុងឱកាសប្រកាសចូលកាន់តំណែង បានប្តេជ្ញាចិត្តបន្តពង្រឹងការប្រមូលចំណូលពន្ធចូលរដ្ឋឲ្យបានច្រើនតាមផែនការ និងបន្តចុះផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង អំពី ច្បាប់នៃកាតព្វកិច្ចពន្ធ ជូនដល់ប្រជាពលរដ្ឋ ដើម្បីឲ្យការប្រមូលចំណូលពន្ធ ស្របទៅតាមគោលការរបស់អគ្គនាយកដ្ឋានពន្ធដារនិងរដ្ឋាភិបាល និងខិតខំបន្តកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ សាមគ្គីភាពផ្ទៃអោយកាន់តែល្អប្រសើរថែមទៀត ។
ការប្រកាសតែងតាំងលោក សន សុីផល. ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យថ្មី ជំនួស លោក ព្រឹមសាលី ដែលត្រូវទទួលភារកិច្ចថ្មីនៅក្រសួង គឺ អនុលោមតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ៨០៤ សហវ ប្រក អពដ នឹងបានប្រារពពិធីប្រកាសកាលពីរសៀលថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ២០២៤ នាសាលាខេត្តបន្ទាយមានជ័យ ក្រោមការចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយដ្ឋានពន្ធដារ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អង្គភាពទាំង៣ លោកប្រធាន អនុប្រធាន មន្ទីរ ស្ថាប័ន រដ្ឋបាលក្រុង ស្រុក រដ្ឋបាល ឃុំសង្កាត់ ជាច្រើននាក់ផងដែរ ។
តាមរបាយការណ៍របស់លោក ព្រឹម សាលី ប្រធានសាខាពន្ធដា ដែលត្រូវទៅបំរើការនៅអគ្គនាយកដ្ឋានពន្ធដាបានរាយការណ៍ស្តីពីការដឹកនាំរបស់លោកអស់រយៈពេលជាង១០កន្លងមកនេះ លោកបានសម្រេចបានការប្រមូលពន្ធជូនរដ្ឋមានការកើនឡើងជារៀងរាល់ឆ្នាំនឹងរក្សាបាននៅការសាមគ្គីផ្ទៃក្នុងបានយ៉ាងល្អ។
លោក អ៊ុំ រាត្រី ក្នុងនាមជាអភិបាលខេត្ត បានធ្វើការវាយតម្លៃនិងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារ របស់លោកប្រធានពន្ធដាខេត្តបន្ទាយមានជ័យចាស់ ក្នុងនោះលោកធ្វើការលើកទឹកចិត្តដល់លោក ព្រឹម សាលី ដែលបានឡើងទៅបំរើការងារនៅក្រសួង ។ ជាមួយគ្នានោះលោក សង្ឃឹមយ៉ាងមុតម៉ាំថា លោកប្រធានពន្ធដាថ្មី នឹងបន្តកិច្ចសហប្រតិបត្តិការល្អ និងរឹងមាំ ជាមួយមន្ទីរអង្គភាពដែលពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចការងារឲ្យបានល្អប្រសើរ ជាពិសេសត្រូវពង្រឹងកិច្ចសហការផ្ទៃក្នុងជាមួយមន្ត្រីក្រោមឱវាទ ដោយយកគំរូតាមលោកប្រធានចាស់ ។
ថ្លែងនៅក្នុងពិធីនេះដែរ ឯកឧត្តម កែន សម្បត្តិ បានលើកឡើងថា ការប្រកាស និងផ្ទេរមុខតំណែង ប្រធានសាខាពន្ធដារនេះ គឺមិនមែនជាការប្រកាសដកតំណែងនរណាម្នាក់នោះទេ តែជាយន្តការក្នុងការផ្លាស់ប្តូរ របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការពង្រឹងលើការប្រមូលចំណូលពន្ធជូនរដ្ឋ យកទៅប្រតិបត្តិការនៅតាមក្រសួងស្ថាប័ននានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជាបើកប្រាក់បៀវត្សន៍ កសាងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ ទាំងនេះសុទ្ធតែចេញពីចំណូលពន្ធ ដែលប្រើប្រាស់ប្រកបដោយនីតិវិធីច្បាស់លាស់ និងមានប្រសិទ្ធភាព ។
ឯកឧត្តមបានបន្តថា មកទល់ពេលនេះបងប្អូនប្រជាពលរដ្ឋយើង មានការយល់ដឹងច្រើនពីច្បាប់ពន្ធដារ ធ្វើឲ្យការប្រមូលចំណូលពន្ធរបស់យើងនៅតែមានសន្ទុះខ្លាំង ហើយលើសផែនការជាប់ជាប្រចាំ ហើយកត្តាដែលធ្វើឲ្យការប្រមូលចំណូលពន្ធមានការកើនឡើងជាប្រចាំ គឺបណ្តាលមកពីសន្តិភាពនយោបាយ ការគោរពសិទ្ធិមនុស្ស សន្តិសុខ និងសន្តិភាពក្នុងប្រទេស ធ្វើឲ្យអ្នកវិនិយោគក្រៅប្រទេសនិងក្នុងប្រទេស មានការចូលរួមបណ្ដាក់ទុនវិនិយោគ ធ្វើឲ្យប្រជាពលរដ្ឋយើងមានការងារធ្វើច្រើន ដែលជាកត្តាជំរុញឲ្យការប្រមូលចំណូលពន្ធចូលរដ្ឋមានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំជាលំដាប់៕