ពលករខ្មែរ ជាង៣ពាន់នាក់ ត្រូវបានអាជ្ញាធរថៃវចាប់បញ្ជូនមកកម្ពុជាវិញ ខណៈពលករចេញស្របច្បាប់មានត្រឹមជាង ២ពាន់នាក់ប៉ុណ្ណោះ

 

បន្ទាយមានជ័យ ៖ ក្នុងរយៈពេលមួយខែ នៃខែឧសភា ឆ្នាំ២០២២ មានពលករខ្មែរប្រុសស្រី ដែលឆ្លងដែនខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃ ជាង៣ពាន់នាក់ ត្រូវបានអាជ្ញាធរសមត្ថកិច្ចថៃ ចាប់បញ្ជូនមកកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈពលករចេញស្របច្បាប់មានត្រឹមជាង ២ពាន់នាក់ប៉ុណ្ណោះ ។ 

នេះបើយោងតាម របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២២ របស់ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ 

លោកឧតត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា ក្នុងរយៈពេល១ខែ ខែឧសភាឆ្នាំ ២០២២ អាជ្ញាធរថៃ បានចាប់បញ្ជូនពលករខ្មែរឆ្លងដែនខុសច្បាប់ បញ្ជូនមកកម្ពុជាវិញ ចំនួន៩៧លើក សរុបពលករ ចំនួន៣២៣៧នាក់ ស្រី១៣២៤នាក់ កុមារ៤៦១នាក់ ។ 

លោកឧត្តមសេនីយ៍ត្រីបន្តថា ក្រៅពីពលករខ្មែរដែលត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកវិញនេះ នៅក្នុងខែឧសភានេះដែរ ក៏មានពលករខ្មែរ ចេញធ្វើការនៅប្រទេសថៃ តាមរយៈក្រុមហ៊ុនសរុបចំនួន៦៧លើក មានពលករចំនួន ២៤៣២នាក់ ស្រី១០៤៧នាក់ ។ 

គួរបញ្ជាក់ថា ក្នុងខែឧសភា ឆ្នាំ២០២២នេះដែរ បន្ទាប់ពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានបើកដំណើរការឡើងវិញ ក្រោយជួបវិបត្តិកូវីដ១៩ ច្រកនេះទទួលបាន អ្នកដំណើរចេញ-ចូល សរុបមាន ចំនួន៨១៤៧១នាក់ ក្នុងនោះ អ្នកដំណើរចូល មានចំនួន៣៩,៨៧២នាក់ ស្រី១៩,៣៨២នាក់ មាន៥៩សញ្ជាតិ មានជនបរទេស ចំនួន១៤,៥៥១នាក់ ស្រី៦,៨១៥នាក់ និងពលរដ្ឋខ្មែរ ចំនួន២៥,២២១នាក់ ស្រី១១,៥៦៧នាក់ ។ អ្នកដំណើរចេញសរុប ចំនួន៤១,៥៩៩នាក់ ស្រី២០,០១៥នាក់ មាន៥៩សញ្ជាតិ ជនបរទេស ចំនួន៩,៩៨៥នាក់ ស្រី៤,៥១៦នាក់ និងពលរដ្ឋខ្មែរ ចំនួន៣១,៦១៤នាក់ ស្រី១៥,៤៩៩នាក់ ៕

CATEGORIES
Share This