ឃាត់បញ្ជូនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ទៀតគេចខ្លួន ទៅសាលាដំបូងបន្ទាប់ពីប្រើហិង្សាដោយចេតនា និងកាន់កាប់ឬដឹកជញ្ជូនអាវុធខុសច្បាប់

បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ទៀតគេចខ្លួនត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្តបន្ទាយមានជ័យធ្វើការឃាត់ខ្លួននិងបញ្ជូនទៅសាលាដំបូងខេត្តក្រោយប្រើអំពើហិង្សាដោយចេតនានិងកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញាត។

លោកវរសេនីយ៍ត្រី អ៊ុក សូរផុន មេបញ្ជាការមូមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ រិន សៃយន្ត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួកត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក  ដែលបានចូលរួមប្រព្រឹត្តករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស កាលពីម៉ោង០៥និង០០នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ភួង ជីវ័ន្ត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងបក្ខពួកចំនួន០២នាក់ទៀតបានគេចខ្លួន។

ក្នុងការឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង ១.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1T-3559 ចំនួន០១គ្រឿង, ២.កាំបិតផ្អាក ដងឈើ ប្រវែង ៦១សង់ទីម៉ែត្រចំនួន០១ដើម, ៣.ដាវដងដែករុំកៅស៊ូ ប្រវែង៤៧សង់ទីម៉ែត្រ ចំនួន០១ដើម, ៤.ដាវដងដែករុំខ្សែ ប្រវែង៥៥សង់ទីម៉ែត្រចំនួន០១ដើម, ៥.ទូរសព្ទដៃម៉ាក IPHONE X ពណ៌ទឹកប្រាក់ចំនួន០១គ្រឿង។

លោកវរសេនីយ៍ត្រី អ៊ុក សូរផុន បានបញ្ជាក់ទៀតថា សង្ស័យឈ្មោះ រិន សៃយន្ត តែងតែឆាតផ្តល់ព័ត៌មានឱ្យជនសង្ស័យឈ្មោះ ភួង ជីវ័ន្ត និងបក្ខពួកដែលបានគេចខ្លួនមិនឱ្យមកចូលបន្ទប់ជួលរបស់ខ្លួនទៀតទេ ក្រោយពីក្រុមជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពយកកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ ពុន សាវ័ន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក។

ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួកកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ចំណែកជនសង្ស័យដែលបានគេចខ្លួន កម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

CATEGORIES
Share This