អគ្គស្នងការរងនគរបាលជាតិ ផ្តល់អនុសាសន៍ណែនាំ ៧ចំណុច ដល់អង្គសន្និបាតនៃស្នងការខេត្តព្រះវិហារ
ព្រះវិហារ ៖ ផ្អែកតាមលទ្ធផលបូកសរុបសន្និបាតឆ្នាំ២០២៤ និងការព្យាករណ៍សភាពការណ៍ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ កាលពីថ្ងៃទី១០ ធ្នូ ២០២៤ និងដើម្បីធានារក្សាបាននូវសុខសន្តិភាពទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ឯកឧត្ដម ឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ បានផ្តល់អនុសាសន៍ណែនាំបន្ថែម ចំនួន ៧ចំណុច ដែលជាទិសដៅជូនដល់ អង្គសន្និបាត ។
អនុសាសន៍ទាំង៧ចំណុច រួមមាន ៖ ១.ត្រូវធានាការពារដាច់ខាតខឿនសន្តិសុខជាតិ និងស្ថិរភាពសង្គម ២.ជម្រុញការងារប្រឆាំងបទល្មើស ដោយត្រូវសហការជាមួយក្រុមប្រតិបត្តិការជំនាញ នៃផែនប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ។ ៣.ពង្រឹងការងារសណ្តាប់ធ្នាប់សាធារណៈ ត្រូវខិតខំរៀបចំសម្រួលសណ្ដាប់ធ្នាប់តាមទីប្រជុំជន សាលារៀន (រំដោះចិញ្ចើមផ្លូវ ចំណីផ្លូវ បញ្ជៀសការកកស្ទះ និងគ្រោះថ្នាក់)និងចរាចរណ៍ផ្លូវគោក ដោយបង្កើនវិធានការផ្សព្វផ្សាយអប់រំតាមគ្រប់មធ្យោបាយ គ្រប់រូបភាពគ្រប់គោលដៅ និងបង្កើនការអប់រំវិន័យ សីលធម៌អាកប្បកិរិយាមន្រ្តីនគរបាលចរាចរណ៍ជាប្រចាំ ដើម្បីបញ្ជៀសឱ្យបានភាពអសកម្ម ការកោសរួសប្រជាពលរដ្ឋ។ ការងារអគ្គីភ័យ ត្រូវរៀបចំកម្លាំង មធ្យោបាយ ធ្វើការហ្វឹកហាត់ ត្រៀមអន្តរាគមន៍ និងសង្រ្គោះ, ត្រូវផ្សព្វផ្សាយតាមរយៈវេទិកា “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”អំពីវិធានការបង្ការ ពន្លត់អគ្គីភ័យបឋមដោយប្រើប្រាស់ឧបករណ៍បែបបុរាណ ឬសម័យ ហើយចូលរួមជាចលនាជាមួយកម្លាំងពន្លត់អគ្គីភ័យស្ម័គ្រចិត្តនៅមូលដ្ឋាន និងត្រូវធ្វើសមយុទ្ធជាក់ស្ដែងលើផែនទី (កំណត់ភូមិសាស្រ្តអាទិភាព ច្រកសង្រ្គោះ)។ ៤.ការងារព្រំដែន ត្រូវបន្តសហការជាមួយ កងយោពលខេមរភូមិន្ទ រក្សាសន្តិសុខព្រំដែន បង្ក្រាបទល្មើស បង្កើនការហ្វឹកហាត់, ត្រូវពង្រឹងសាមគ្គីផ្ទៃក្នុង សមត្ថភាព វិន័យ លើកកម្ពស់ជីវភាព ដាំដុះ បង្កបង្កើនផល។ ៥.គាំទ្រដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ត្រូវបញ្ចុះកម្លាំងគាំទ្រប៉ុស្ដិ៍ បេសកម្ម (វែង-ខ្លី) ការផ្ទេរភារកិច្ច ម្ចាស់ការលើកម្ពស់សមត្ថភាពជំនាញ ប្ដូរឥរិយាបថមន្រ្តីប៉ុស្ដិ៍, ត្រូវជម្រុញការផ្តល់សេវាតាមតម្រូវការចាំបាច់នានា(ហាមកោសរូស), ពង្រឹងការគ្រប់គ្រងមនុស្ស មធ្យោបាយ អាវុធ ជាតិផ្ទុះមុខរបរពិសេស (ពិសេសការគ្រប់គ្រងវត្តមានជនបរទេសក្នុងមូលដ្ឋានតាមរយៈលិខិតឆ្លងដែន ទិដ្ឋាការស្នាក់នៅ និងមុខរបរ)។ ៦.ពង្រឹងការងារប្រចាំបញ្ជា និងអន្តរាគមន៍ ត្រូវមានវេនប្រចាំការ ត្រៀមអន្តរាគមន៍ តាមដាន ប្រតិកម្មរហ័ស បកស្រាយ បន្សាបឥទ្ធិពលព័ត៌មានអវិជ្ជមាន ដែលបង្ខូចកតិ្តយសកងកម្លាំង។ ៧.ពង្រឹងការងារគ្រប់គ្រងកម្លាំងក្នុងអង្គភាព ត្រួតពិនិត្យលទ្ធផលការងារតាមការបែងចែកប្រគល់ភារកិច្ច (មានកិច្ចប្រជុំទៀងទាត់រាល់ខែ ជាមួយ ស្នងការរង និងការិ.ជំនាញ) ពង្រឹងការគ្រប់គ្រងវត្តមានមន្រ្តី ដែលមានមុខជាក់ស្ដែងបំពេញការងារ ហើយរាល់ការសុំច្បាប់ធ្វើឡើងតាមគោលការណ៍កំណត់៕
ដោយ ៖ រ៉ាស៊ី