ដើមឆ្នាំនេះ ភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យប៉ះពាល់ខេត្តមួយចំនួន និងស្រូវជាង ៣ ៥០០ហិកតា រងការខូចខាត
ភ្នំពេញ៖ ស្ថានភាពទឹកភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ត្រឹមរយៈពេល៥ខែ ឆ្នាំ២០២២នេះ បានធ្វើឲ្យប៉ះពាល់ដល់ខេត្តមួយចំនួន និងបណ្ដាលឲ្យស្រូវរបស់កសិករចំនួនជាង ៣ ៥០០ហិកតា រងការខូចខាត និងលិចលង់ផ្ទះរបស់ពលរដ្ឋមួយចំនួនផងដែរ ។
នៅក្នុងរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ភ្លៀងកក់ខែក្នុងរដូវប្រាំង បានបន្តធ្លាក់រាយប៉ាយ ចាប់ពីដើមខែមេសា តាមបណ្តាខេត្តជាច្រើន ក្នុងបរិមាណតិចច្រើនដោយកន្លែង ហើយខេត្តមួយចំនួនមានភ្លៀងធ្លាក់ ក្នុងបរិមាណពី៧០ ទៅ១០០មីលីម៉ែត្រ ។
របាយការណ៍ បានបន្តថា បញ្ហានេះ បានធ្វើឲ្យខេត្តមួយចំនួនរងផលប៉ះពាល់ខ្លាំង ក្នុននោះមាន ខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ កំពង់ធំ សៀមរាប បាត់ដំបង ត្បូងឃ្មុំ និងខេត្តរតនគិរីជាដើម ខណៈនៅខេត្តបន្ទាយមានជ័យ ទឹកភ្លៀងធ្វើឲ្យលិចស្រូវចំនួនជាង ៤ ៦០០ហិកតា រងការខូចខាតចំនួនជាង ២ ៥០០ហិកតា ដោយឡែកខេត្តត្បូងឃ្មុំ ប៉ះពាល់ស្រូវជាង ១ ៣០០ហិកតា និងខូចខាតជាង ១ ១០០ហិកតា ។
ប្រភពបន្ថែមថា បញ្ហាទឹកភ្លៀងធ្លាក់ខ្លាំងនេះ បានធ្វើឲ្យបាក់ដាច់ទំនប់អាងស្តុកទឹក របស់ក្រុមហ៊ុនចំការចេកហ័ងអាញ់ ក្នុងឃុំស្រែអង្រ្កង ស្រុកកូនមុំ ខេត្តរតនគិរី បណ្តាលឱ្យលិចផ្ទះកម្មករ ៧ល្វែង ស្មើនឹង១៥០បន្ទប់ និងតូបលក់ទំនិញ២ បាក់ដាច់ស្ពានឈើ ១កន្លែង និងជម្លៀសកម្មករទៅទីទួលសុវត្តិភាពចំនួន ១៧៦គ្រួសារ ស្មើ៥៧០នាក់ ។
បើតាមរបាយកាណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ស្ថានភាពទឹកភ្លៀងធ្លាក់ច្រើននៅដើមរដូវវស្សា (ពាក់កណ្តាលខែមេសា ដល់ឧសភា) បង្កការលំបាកដល់ការបង្កបង្កើនផល ជាពិសេសដំណាំស្រូវនៅតំបន់វាលទំនាប ប៉ុន្តែក្នុងខែមិថុនានេះ ស្ថានភាពទឹកភ្លៀងបានធ្លាក់តិចតួច ជាឱកាសឲ្យកសិករគ្រប់តំបន់ខិតខំដាំដុះស្រូវ និងដំណាំផ្សេងៗបានយ៉ាងល្អប្រសើរ ។
ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា កម្ពុជាបន្តទទួលឥទ្ធិពលពីជ្រលង នៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយនៅលើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម ដែលស្ថានភាពនេះនឹងធ្វើឲ្យកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ទី២១ ខែមិថុនា មានភ្លៀងធ្លាក់ពីកម្រិតខ្សោយ ទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕