អភិបាលខេត្តកំពង់ស្ពឺ ៖ ល្បែងអនឡាញ និងកម្ចីប្រាក់អនឡាញ បាននិងកំពុងបង្កជាហានិភ័យខ្ពស់បំផុតសម្រាប់ពលរដ្ឋ សមត្ថកិច្ច អាជ្ញាធរក្រុងស្រុកដែលមានការពាក់ព័ន្ធនឹងត្រូវទទួលរងទោសទណ្ឌដោយមិនមានការលើកលែងឡើយ
កំពង់ស្ពឺ ៖ អភិបាលខេត្តកំពង់ស្ពឺលោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថាល្បែងអនឡាញនិងកម្ចីប្រាក់តាមអនឡាញបាននិងកំពុងបង្កជាហានិភ័យខ្ពស់បំផុតសម្រាប់ប្រជាពលរដ្ឋ ដូច្នេះអ្នកដែលចូលចិត្ត ប្រព្រឹត្តិនិងញៀនល្បែងស៊ីសង ខ្ចីប្រាក់ពីកម្ចីតាមអនឡាញគួរតែបញ្ឈប់ពីពេលនេះតទៅជៀសវាងមានវិប្បដិសារីទៅថ្ងៃក្រោយ។ការលើកឡើងនេះក្នុងវេទិកាផ្សព្វផ្សាយសារាចរណែនាំស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ស្ពឺ។
លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថា បច្ចុប្បន្ននៅតាមបណ្តាញសង្គមមួយចំនួនបាននិងកំពុងអូសទាញប្រជាពលរដ្ឋឱ្យចូលលេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់ឬអនឡាញ តាមរយៈការផលិតរូបភាពនិងមាតិកាល្បែងស៊ីសង។នៅក្នុងសកម្មភាពផ្សព្វផ្សាយនិងចែករំលែកបន្ត(Share)អំពីល្បែងស៊ីសងខុសច្បាប់ទាំងនេះក៏មានការចូលរួមពីបុគ្គលមានប្រជាប្រិយភាពនិងអ្នកផលិតមាតិកាសង្គមមួយចំនួនផងដែរ ដែលជាហេតុធ្វើឱ្យសាធារណជនមាន ការភាន់ច្រឡំ ហើយបន្តចែកចាយរូបភាពវីដេអូ និងមាតិកាទាំងនោះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម។
ជាមួយនោះដែរ ដោយសារតែវិបត្តិអាជីវកម្ម និងការលង់ខ្លួននិងល្បែងអនឡាញ មានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនបានហក់ឬបង្ខំចិត្តទៅខ្ចីប្រាក់ពីកម្ចីអនឡាញ ដែលក្នុងនោះអ្នកដាក់កម្ចីនេះគឺជាជនបរទេស បានយកអត្រាការប្រាក់ដ៏ច្រើនលើសលប់ ដោយក្នុងនោះខ្លះមានអត្រាការប្រាក់២០ដុល្លា ទៅ៥០ដុល្លាក្នុងកម្ចី១០០ដុល្លាដើម្បីទ្រទ្រង់មុខរបរនិងដើម្បីដោះបំណុលដែលខ្ចីលេងល្បែងអនឡាញ។ហើយដោយសារតែអត្រាការប្រាក់ខ្ពស់ពេកនេះ បានធ្វើឱ្យប្រជាពលរដ្ឋខ្លះវ័ណ្ឌកដោះមិនរួច ហើយខ្លះហ៊ានដល់ទៅបញ្ចប់ជីវិតដើម្បីគេចវេសពីបំណុលនេះទៀតផង។
ដើម្បីពង្រឹងលើកិច្ចការនេះ អភិបាលខេត្តកំពង់ស្ពឺលោក ជាម ចន្ទ័សោភ័ណ បានណែនាំទៅដល់សមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរក្រុង-ស្រុកទាំង៩ ត្រូវបង្កើនប្រសិទ្ធិភាពនៃការផ្សព្វផ្សាយឱ្យបានទូលំទូលាយពីផលប៉ះពាល់នៃការលេងល្បែងស៊ីសងគ្រប់ប្រភេទ ទាំងល្បែងអនឡាញ ល្បែងនៅតាមផ្ទះដោយក្នុងនោះល្បែងបៀស៊ីគូរថៃក៏ចាត់ចូលជាល្បែងស៊ីសងដូចគ្នាដែរ។ទន្ទឹមនិងការផ្សព្វផ្សាយនេះដែរ សមត្ថកិច្ចនិងអាជ្ញាធរក្រុង-ស្រុកក៏ត្រូវបន្តពិនិត្យតាមដាននូវរាល់សកម្មភាពនៃទីតាំងបើកល្បែង ពិនិត្យរាល់ឯកសារពាក់ព័ន្ធ ផ្ទាំងប៉ាណូដែលបង្កប់ស្លាកសញ្ញាល្បែងនិងចាត់វិធានការឱ្យបានតឹងរឹងលើការទប់ស្កាត់ បង្ក្រាបឱ្យបាន ក្នុងនោះមន្ត្រីតុលាការត្រូវដាក់ទោសទណ្ឌឱ្យបានធ្ងន់ធ្ងរដល់អ្នកលេងល្បែងទាំងអស់នោះដើម្បីឱ្យមានការរាងចាល។ជាងនេះនៅរាល់ការបើកឱ្យមានការកម្សាន្តរាត្រី រដ្ឋបាលខេត្តនិងអង្គភាពពាក់ព័ន្ធក៏ត្រូវតាមដាននិងបញ្ឈប់រាល់សកម្មភាពរបស់តារាល្បីៗដែលឆ្លៀតឱកាសផ្សព្វផ្សាយពីល្បែងស៊ីសង ឆែកមើលនិងរកឱ្យឃើញចំពោះបណ្តាញសង្គមណាដែលផ្សព្វផ្សាយពីល្បែង ក្នុងករណីរកឃើញថាការផ្សាយចេញធ្វើឡើងក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ សមត្ថកិច្ចត្រូវចាត់វិធានការបង្ក្រាបភ្លាមដោយមិនត្រូវទុកយូរឡើយ។
ទន្ទឹមនិងនេះដែរអភិបាលខេត្តកំពង់ស្ពឺក៏បានបញ្ជាក់បន្ថែមថា ចំពោះអធិការនិងអាវុធហត្ថមូលដ្ឋានក្រុង-ស្រុកទាំង៩ត្រូវអនុវត្តឱ្យបានក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងករណីរកឃើញថា អធិការនិងអាវុធហត្ថមូលដ្ឋានក្រុង-ស្រុកមានការជាប់ពាក់ព័ន្ធនិងការបើកលេងល្បែងស៊ីសងគ្រប់ប្រភេទនិងត្រូវទទួលរងនូវទោសទណ្ឌតាមផ្លូវច្បាប់ដោយមិនមានការលើកលែង ៕
ដោយ ៖ ប៊ុត សារុន