លោកជំទាវបាន ស្រីមុំ ជូនដំណើរយោធិននៃកងរាជអាវុធហត្ថខេត្តប៉ៃលិនទើបជ្រើសរើសថ្មី ទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីលោកមេបញ្ជាការ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ថ្នាក់ដឹកនាំ សាច់ញាតិក្រុមគ្រួសារ និងបងប្អូនយោធិនជាច្រើនរូបទៀតកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤បានអញ្ជើញជូនដំណើរយោធិន នៃកងរាជអាវុធហត្ថខេត្តប៉ៃលិន ទើបជ្រើសរើសថ្មី «ជាប់ជាស្ថាពរ» ត្រូវបាន ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ។
បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានមានមតិស្វាគមន៍ និងរបាយការណ៍សង្ខេប ស្តីពីការជ្រើសរើស យោធិន នៃកងរាជអាវុធហត្ថខេត្តរួចមក, លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍សម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថខេត្ត ទើបជ្រើសរើសថ្មី «ជាប់ជាស្ថាពរ» ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ និងថ្លែងនូវការកោតសរសើរ ដល់កងរាជអាវុធហត្ថខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច បេសកកម្ម ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ពិសេសគឺការសម្រិត សម្រាំងយ៉ាងសុក្រឹត ក្នុងការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថថ្មី ប្រកបដោយតម្លាភាព គុណភាព ស្របតាមគោលការណ៍ និងនិតិវិធីនៃក្របខណ្ឌច្បាប់ជាធរមាន។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ការរៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថខេត្ត ទើបជ្រើសរើសថ្មី «ជាប់ជាស្ថាពរ» នាពេលនេះ គឺបានបញ្ជាក់ឱ្យឃើញពីការគិតគូរយកចិត្តទុកដាក់ខ្ពស់ របស់ថ្នាក់ដឹកនាំ ចំពោះយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មីរបស់យើង និងសូមថ្លែងនូវអំណរគុណយ៉ាងធំធេង ដល់កងកម្លាំងកងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិ ដែលជាកម្លាំងស្នូលក្នុងការស្វែងរក និងថែរក្សាសុខសន្តិភាព បូរណភាពទឹកដី ជូនជាតិមាតុភូមិ រហូតមានការអភិវឌ្ឍរីកចម្រើនមកដល់សព្វថ្ងៃនេះ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់យោធិនថ្មី នៃកងរាជអាវុធហត្ថខេត្ត ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ បំពេញតួនាទី ភារកិច្ច និងបេសកកម្មកងរាជអាវុធហត្ថ ឱ្យទទួលបានជោគជ័យ និងត្រូវគោរពច្បាប់លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ បទវិន័យទូទៅ សម្រាប់កងយោធពលខេមរភូមិន្ទ បទបញ្ជានៅក្នុងវគ្គហ្វឹកហ្វឺន ថែទាំសុខភាព និងជឿជាក់លើរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា៕
សូមបញ្ជាក់ថា៖ យោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ដើម្បីចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) មានចំនួនសរុប ២៣នាក់ និងគ្រូគ្រប់គ្រងចំនួន ២នាក់ ត្រូវទៅហ្វឹកហ្វឺនរៀនសូត្ររយៈពេល ១ឆ្នាំ គិតចាប់ពីថ្ងៃ២៥ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ហើយក្នុងពិធីជូនដំណើរ លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានឧបត្ថម្ភ ដល់យោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី និងគ្រូគ្រប់គ្រង សរុប ២៥នាក់ ដោយក្នុងម្នាក់ៗ ទទួលបានក្រម៉ាចំនួន ១ និងថវិកាចំនួន ២០០,០០០រៀល ដោយឡែកលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានចូលរួមឧបត្ថម្ភ ក្នុងម្នាក់ៗ ថវិកា ១៥០,០០០រៀល ផងដែរ ៕