អាវុធហត្ថរាជធានីភ្នំពេញ បិទវគ្គហ្វឹកហ្វឺនសណ្តាប់ធ្នាប់ជួរទ័ពដល់យោធិន នៃកងរាជអាវុធហត្ថជ្រើសរើសថ្មី ឆ្នាំ២០២៤
ភ្នំពេញ ៖ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនសណ្តាប់ធ្នាប់ជួរទ័ពដល់យោធិន នៃកងរាជអាវុធហត្ថជ្រើសរើសថ្មី ឆ្នាំ២០២៤ ក្រោមវត្តមានលោកឧត្ដមសេនីយ៍ត្រី បុត្រ កំព្រា មេបញ្ជាការរង ទទួលការងារហ្វឹកហ្វឺន តំណាងឲ្យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ក្នុងពិធីបិទវគ្គនេះមានការចូលរួមពី លោកនាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរង ជំនួយការ ការិយាល័យ ព្រមទាំងលោកគ្រូឧទ្ទេសនាម និងសិក្ខាកាមជ្រើសរើសថ្មី ផងដែរ។
ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការរង បានពាំនាំនូវការផ្តាំផ្ញើរបស់ លោកឧត្តមសេនីយ៍ឯក មេបញ្ជាការ ដល់ប្អូនៗ ជាយោធិន នៃកងរាជអាវុធហត្ថជ្រើសរើសថ្មីទាំងអស់ ពេលបន្តទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សាមគ្គីភាពរឹងមាំល្អ មានកិច្ចសហការគ្នាទៅវិញទៅមក៕