អភិបាលខេត្តកំពង់ស្ពឺ ៖ យុវជនបន្តវេនត្រូវមានភារកិច្ចថែទាំ និងទទួលខុសត្រូវចំពោះជោគវាសនាប្រទេសជាតិ

កំពង់ស្ពឺ ៖ យុវជនបន្តវេន ត្រូវមានភារកិច្ចថែទាំ និងទទួលខុសត្រូវចំពោះជោគវាសនាអនាគតប្រទេសជាតិ តាមរយៈការយកចិត្តទុកដាក់អភិវឌ្ឍសមត្ថភាព បន្តខិតខំបន្ថែមលើការហ្វឹកហាត់ រៀនសូត្រឱ្យអស់លទ្ធភាព ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយតាមរយៈការខិតខំរៀនសូត្រនេះនឹងក្លាយជាគំរូល្អ និងដំណើរជោគជ័យរបស់ថ្នាក់ដឹកនាំទាំងការគិត និងការអនុវត្តការងារនាពេលអនាគត ពិសេសគឺបន្តវេនដឹកនាំជោគវាសនាប្រទេសជាតិ។

នេះជាការលើកឡើងរបស់អភិបាលខេត្តកំពង់ស្ពឺលោក ជាម ចន្ទ័សោភ័ណ ក្នុងពិធីជួបសំណេះសំណាលនិងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ) ចំនួន៤០នាក់ នៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែន រីករាយ)ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ។

លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ពលរដ្ឋមានសិទ្ធិក្នុងការចូលរួមបម្រើការងារជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ។ ហើយមន្ត្រីរាជការម្នាក់ឬកងកម្លាំងម្នាក់ត្រូវបានដើរតួនាទីជាមន្ត្រីក្របខ័ណ្ឌដ៏ល្អក្នុងកិច្ចការបម្រើជាតិនិងប្រជាពលរដ្ឋ ។ ដោយឡែកក្មួយៗ ដែលទើបទទួលបានការជ្រើសរើសថ្មីនៃក្របខណ្ឌកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ មានភារកិច្ចជាប់ខ្លួនចាំបាច់គឺការហ្វឹកហ្វឺន ដែលផ្តល់នូវមូលដ្ឋានមួយចំនួន សម្រាប់ការបំពេញភារកិច្ចក្នុងនាមជាសមាជិកនៃកងយោធពលខេមរភូមិន្ទ  ដូច្នេះក្មួយៗត្រូវចាប់យកឱកាសនេះនិងយកចិត្តទុកដាក់ខិតខំរៀនសូត្រ ក្តាប់ឱ្យជាប់នូវការយល់ដឹង ទី១-អំពីជីវិតកងទ័ព របៀបរបបការងារកងទ័ព សំដៅដល់ការរស់នៅជាមួយគ្នា ហ្វឹកហ្វឺនរួមគ្នា, សហការសាមគ្គីជួយគ្នា ដើម្បីសម្រេចភារកិច្ចរួមទី២-អំពីតួនាទីភារកិច្ចកងទ័ព សណ្តាប់ធ្នាប់វិន័យជួរទ័ព និងការអនុវត្តក្រឹត្យក្រម បទបញ្ជាដ៏ម៉ឺងម៉ាត់ ដើម្បីជាការលត់ដំឱ្យម្នាក់ៗក្លាយជាយោធិនពេញលក្ខណៈ មានស្មារតីភ្ញាក់រលឹក ម្ចាស់ការលើការគោរពវិន័យ ការបំពេញភារកិច្ច និងការទទទួលខុសត្រូវ ក្នុងនាមបុគ្គលម្នាក់ៗ ក្នុងនាមក្រុមក៏ដូចជាក្នុងនាមកងទ័ពទាំងមូល ទី៣-អំពីជំនាញចំណេះដឹងយោធា ឋានលេខា និងយុទ្ធវិធីផ្សេងៗដែលត្រូវទទួលបាន តាមរយៈការហ្វឹកហ្វឺនច្បាស់លាស់ មានវិធីសាស្ត្រច្បាស់លាស់ រួមទាំងការហ្វឹកហ្វឺន ផ្នែកកាយសម្បទាផងដែរ។ហើយក្រោយពីវិលត្រឡប់មកពីហ្វឹកហាត់វិញ ក្មួយៗត្រូវមានតួនាទីសំខាន់ក្នុងការបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋ ពិសេសនៅក្នុងដែនដីរដ្ឋបាលរបស់ខេត្តកំពង់ស្ពឺ។

ក្នុងជំនួបនោះ អភិបាលខេត្តកំពង់ស្ពឺ ក៏បានគូសរំលេចថា កាលពីសម័យប្រទេសយើងមានសង្គ្រាម យើងរួមកម្លាំងសរុបដើម្បីដណ្តើមយកភាពជោគជ័យ តែពេលនេះប្រទេសយើងមានសុខសន្តិភាពពេញលេញហើយ ដូច្នេះយើងត្រូវចេះរស់នៅជាមួយសន្តិភាពការពារស្ថិរភាព រក្សាសេចក្តីសុខ ពិសេសត្រូវចូលរួមការពារឱ្យបានគង់វង្សនូវសុខសន្តិភាពនេះ។ជាងនេះក្មួយៗនិងក្លាយខ្លួនជាកងកម្លាំងប្រដាប់អាវុធក្រោយបញ្ចប់ការហ្វឹកហ្វឺន គឺកូនក្មួយត្រូវប្រើតួនាទី ភារកិច្ចក្នុងបេសកកម្មគឺរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងដែនដី ដែលខ្លួនរស់នៅ ចាត់ទុកសុខទុក្ខប្រជាពលរដ្ឋជាធំ បានន័យថា ត្រូវបង្ក្រាបឱ្យបានរាល់បញ្ហាចោរកម្ម លួចឆក់ កាប់សម្លាប់ និងអំពើហឹង្សាគ្រប់បែបយ៉ាងទាំងអស់ ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This