បើករថយន្តពាក់ស្លាកលេខ ខេមរៈភូមិន្ទ លឿនក្នុងស្ថានភាពស្រវឹង ទៅបុកម៉ូតូពីក្រោយបណ្តាលអោយ ស្លាប់អ្នកជិះម៉ូតូម្នាក់
ប៉ៃលិន ៖ មន្រ្តីយោធាម្នាក់ដែលគេស្គាល់ថា នៅអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន បានបើករថយន្តពាក់ស្លាកលេខ ខេមរៈភូមិន្ទ ក្នុងល្បឿនលឿននិងស្ថានភាពស្រវឹង បានទៅបុកពីក្រោយម៉ូតូមួយគ្រឿងបណ្តាលអោយ អ្នកបើកបរម៉ូតូស្លាប់នឹងកន្លែង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១៣និង៥០នាទី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ លើផ្លូវជាតិលេខ៥៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨០-៨១ ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង រវាងរថយន្ត មួយគ្រឿងម៉ាក ISUZU ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ខេមរៈភូមិន្ទ 07 2-1321 បើកបរដោយឈ្មោះ ប៉ាក ប៊ុននឿន អាយុ៥៧ឆ្នាំ មានមុខរបរយោធា រស់នៅភូមិបរតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានទៅបុកពីក្រោយពេញទំហឹង នឹងម៉ូតូមួយគ្រឿងម៉ាក Honda Dream ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង 1D-7375 បើកបរម៉ូតូដោយឈ្មោះ ជ្រូក ផន ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលអោយស្លាប់នៅហ្នឹងកន្លែងកើតហេតុ។
បន្ទាប់ពីសមត្ថកិច្ចចុះវាសវែងរួច បាននាំយកវត្ថុតាងរថយន្ត និងម៉ូតូ យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី ។ ចំណែកសពជនរងគ្រោះ បានប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកអ្នកបើកបររថយន្ត តាមការឲ្យដឹងពីប្រជាពលរដ្ឋ គឺ មិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះទេ ៕
ដោយ ៖ K-P