នគរបាលក្រុងប៉ោយប៉ែត ឃាត់បញ្ជូនជនជាតិថៃប្រុសស្រី១០នាក់ ជាមួយថ្នាំញៀន ជាង១មុឺនគ្រាប់
ប៉ោយប៉ែត ៖ នគរបាលក្រុងប៉ោយប៉ែត តាមការបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ បានឃាត់បញ្ជូនជនជាតិថៃប្រុសស្រីចំនួន១០នាក់ ទៅសាលាខេត្តបន្ទាយមានជ័យ ជាមួយនិងសារធាតុញៀនជាច្រើនមុខចំនួនជាង១មុឺនគ្រាប់។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានអោយដឹងថា កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បានចុះល្បាតនៅក្នុងភូមិសាស្ត្រចំណុចអគារថ្មី ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ បានឈានដល់ការបង្រ្កាបនៅបទល្មើសរក្សាទុក ចែកចាយនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនបានជនជាតិថៃប្រុសស្រីចំនួន១០នាក់រួមមាន ៖ ១.ឈ្មោះចាក់គិត អ៊ុនដេ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិថៃ។ ២.ឈ្មោះសុផាកន បូរសុវណ្ណ ហៅប៉ន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិថៃ។ ៣.ឈ្មោះធុង ឆៃ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិថៃ។ ៤.ឈ្មោះគិត ធីផុប ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិថៃ។ ៥.ឈ្មោះសាវ៉ាន់ សាប់ដាវី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិថៃ។ ៦.ឈ្មោះចេស សាដា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ។ ៧.ឈ្មោះប៉ាវីឆាត ម៉ារាសាន់ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិថៃ។ ៨.ឈ្មោះជន ភិម៉ុន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិថៃ។ ៩.ឈ្មោះឈុនធីឆាវវងចាំភូ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិថៃ។ ១០.ឈ្មោះជិតទិម៉ា វង់ខាំភូ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិថៃ។ ជនសង្ស័យទាំង១០នាក់ ស្នាក់នៅក្នុងភូមិបាលិលេយ្យ២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកបន្តថា ប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតនូវវត្ថុតាង មួយចំនួន រួមមាន៖ ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ពីលើចំនួន(៩៥៨០គ្រាប់)។ ថ្នាំគ្រាប់ពណ៌ទឹកក្រូចមានអក្សរ(WY)ពីលើចំនួន(១១៣០គ្រាប់)។ ថ្នាំគ្រាប់ពណ៌បៃតងមានអក្សរ(WY)ពីលើចំនួន(៣៨គ្រាប់)។ ម្សៅក្រាមស ផ្លាសង្ស័យជាសារធាតុញៀនចំនួន២៦ថង់។ លិខិតឆ្លងដែនចំនួនពីរក្បាល។ អត្តសញ្ញាណសញ្ជាតិថៃចំនួនពីរសន្លឹក។ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០៣គ្រឿង។ ទូរស័ព្ទដៃចំនួន០៦គ្រឿង។
លោកឧត្តមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជក់ថាជនសង្ស័យទាំង១០នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី ៕
ដោយ ៖ K-P