ជនជាតិចិន បើកឡានរ៉ាប់ទ័រ បុកកិនម៉ូតូពីក្រោយបណ្តាលអោយ ស្លាប់បុរសម្នាក់ ត្រូវពលរដ្ឋឃាត់អោយសមត្ថកិច្ច

ប៉ៃលិន ៖ គ្រោះថ្នាក់ចរាចរណ៍គួរ អោយរន្ធត់មួយកើតឡើងរវាងរថយន្តរ៉ាប់ទ័រ បើកបរដោយជនជាតិចិនក្នុងល្បឿនលឿន បានបុកនិងកិនអូសម៉ូតូមួយគ្រឿងបណ្តាលអោយស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ កាលពីរសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នៅតាមបណ្តោយ ផ្លូវជាតិលេខ៥៧ ស្ថិតនៅភូមិអូររអិល ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយត្រូវបានពលរដ្ឋចាប់ជនជាតិចិនជាអ្នកបើក និងអ្នករួមដំណើរប្រគល់ជូនសមត្ថកិច្ច។

តាមអ្នកឃើញហេតុការណ៍ បានអោយដឹងថាជនរងគ្រោះឈ្មោះ យ៉ាន លី ភេទប្រុស អាយុ៥០ឆ្នាំរស់នៅភូមិឃុំ កើតហេតុខាងលើបើកបរម៉ូតូឌ្រីមសងC១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ ប៉ៃលិន1A-1182 បើកបរពី លិចទៅកើតសំដៅទៅផ្ទះ លុះមកដល់ចំនុចកើតហេតុ គេឃើញរថយន្តហ្វត រ៉ាប់ទ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា 800 បើកបរដោយជនជាតិចិន បើកក្នុង ល្បឿនលឿន ក៏ទៅបុកនិង កិនម៉ូតូពីក្រោយ ក្នុងទិសដៅស្របទិសគ្នាអូស ជាច្រើនមែត្រ បណ្តាលអោយស្លាប់ភ្លាមៗ ។ ចំណែករថយន្តក្រឡាប់ ផ្ងារជើងសង្កត់ម៉ូតូជាប់នៅប្រឡាយ ក្បែរផ្លូវ។

ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះដល់ធ្វើការវាស់វែងរួច និងបានប្រគល់ សព អោយគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី។ ចំណែកអ្នកបើកបរជា ជនជាតិចិន ដែលត្រូវបានពលរដ្ឋឃាត់ខ្លួន ប្រគល់អោយសមត្ថកិច្ច បានយកទៅការិយាល័យចរាចរណ៍នៃស្នងការនគរបាលខេត្តប៉ៃលិន ចាត់ការបន្តតាមនីតិវិធីច្បាប់៕

CATEGORIES
Share This