អត្តពលិកខ្មែរ និងបរទេសជិត១៤០០០នាក់ ចូលរួមទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩

សៀមរាប ៖ យោងតាមការចុះផ្សាយតាមបណ្តាញតេលេក្រាម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលសម្តេចបានចូលរួមរត់ក្នុងព្រឹត្តការណ៍នេះ បានអោយដឹងថា ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ មុខប្រាសាទអង្គរវត្តនៅខេត្តសៀមរាប នាព្រលឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ទទួលបានអ្នកចូលរួម ចំនួន ១៣,៨៧៧ នាក់ ក្នុងនោះ អត្តពលិកខ្មែរ ចំនួន ១០,៥៣២នាក់ និងអត្តពលិកអន្តរជាតិចំនួន ៣,៣៤៥នាក់ មកពី ៨៧ប្រទេស។

ព្រឹត្តិការណ៍កីឡារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរ​ ក៏បានរួមចំណែក ជួយលើកកម្ពស់ស្មារតីកីឡា ដើម្បីសុខភាពល្អ និងទាក់ទាញភ្ញៀវទេសចរណ៍​ គឺកីឡារស់ក្នុងសន្តិភាព។

សម្តេចមានសេចក្តីសប្បាយរីករាយ ដែលបានចូលរួមរត់ក្នុងកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ដែលមានការចូលរួមពីប្រជាពលរដ្ឋខ្មែរ និងបរទេសប្រមាណជិត១៤.០០០នាក់ មកពី ៨៧ប្រទេស ។

កម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្ត លើកទី ២៩ រៀបចំឡើងក្នុងគោលបំណងដើម្បីគាំទ្រ ទៅដល់សកម្មភាពមនុស្សធម៌ ជួយដល់កុមារកម្ពុជា ប្រជាជនមានការលំបាក និងជនពិការភាព ជាពិសេសជនរងគ្រោះដោយសារគ្រាប់មីន ។

សម្តេចក៏បានអរគុណ ចំពោះគណៈកម្មការរៀបចំ សប្បុរសជន កម្លាំងសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានសហការគ្នា រៀបចំកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន និងអរគុណពិសេសចំពោះប្រជាពលរដ្ឋខ្មែរក៏ដូចជាមិត្តបរទេស ដែលបានចូលរួមនៅក្នុងកម្មវិធីនេះយ៉ាងច្រើនកុះកុះករ ៕

ដោយ ៖ K-P

CATEGORIES
Share This