អាជីវករផ្សារបឹងឈូកប្រមូលផ្ដុំជាថ្មីនៅមុខសាលាខេត្ត ដើម្បីចង់ដឹងពីដំណើរការជួសជុល ឬសាងសង់ផ្សារ ឱ្យមានភាពច្បាស់លាស់
បាត់ដំបង៖ ជាថ្មីម្តងទៀត កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អាជីវករផ្សារបឹងឈូកប្រមាណ១០០នាក់ បានផ្ទុះការប្រមូលផ្ដុំជាថ្មី នៅមុខសាលាខេត្តបាត់ដំបង ដើម្បីចង់ដឹងពីដំណឹងនៃដំណើរការជួសជុល ឬសាងសង់ផ្សារច្បាស់លាស់ ព្រោះតាំងពីផ្សារឆេះមកដល់ពេលនេះ ទាំងក្រុមហ៊ុនផ្សារ និងអាជ្ញាធរ នៅតែមិនច្បាស់លាស់ ពួកគាត់ស្នើឱ្យអាជ្ញាធរជួយនិយាយជាមួយក្រុមហ៊ុន កុំអោយយកលុយថ្លៃកន្លែង ដែលបានរៀបចំអោយលក់ដូរបណ្តោះអាសន្ន។
អាជីវករ បានលើកឡើងថា គោលបំណងដែលពួកគាត់បន្តនាំគ្នាមកថ្ងៃនេះ គឺដើម្បីសុំជួបលោកអភិបាលខេត្តព្រោះដំណោះស្រាយផ្សារដែលឆេះថ្ងៃមុនអត់ទាន់មានដំណឹងថា តើរយៈពេលណាបានជួសជុលអគារហ្នឹង ហើយជួសជុលកម្រិតណា ហើយអាចជួសជុល ឬក៏វាយចោល ឬក៏សាងសង់អោយថ្មី ព្រោះពួកគាត់រងចាំយូរហើយ និងមួយវិញទៀតស្នើឲ្យរដ្ឋបាលខេត្ត/ក្រុង ជួយសម្របសម្រួល និងសហការជាមួយម្ចាស់ផ្សារកុំឲ្យយកថ្លៃឈ្នួលសម្រាប់ការលក់ដូររបស់ពួកគាត់នៅតាមសំយាបផ្សារក្នុងអំឡុងពេលមិនទាន់ជួសជុលផ្សាររួច។
ជាការឆ្លើយតបនឹងអាជីវករលោក លាង វាសនា អភិបាលក្រុងបាត់ដំបង ដោយបានការអនុញ្ញាតពីឯកឧត្តមអភិបាលខេត្ត លោកបានមកជួបជាមួយអាជីវករ ដោយបានបញ្ជាក់ថា អាជ្ញាធរពីថ្នាក់ក្រោមទៅដល់ថ្នាក់លើ ពីថ្នាក់ក្រោមជាតិរហូតដល់ថ្នាក់ជាតិ គឺបានយកចិត្តទុកដាក់ខ្លាំងណាស់ក្នុងការជួយអាជីវករ ហើយគោលការណ៍របស់អភិបាលខេត្តលោកបានណែនាំដំបូងគឺរៀបចំកន្លែងអោយអាជីវករបានលក់ដូរបណ្តោះអាសន្ន ហើយចំពោះការសាងសង់ ជំនាញកំពុងធ្វើការសិក្សា ដូច្នេះលោកសូមអោយអាជីវកររងចាំបន្តិចសិន ព្រោះរាល់ថ្ងៃនេះរាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គិតគូរដំបូងគឺសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ហើយរឿងអីដែលរឿងប៉ុណ្ណេះលោកមិនគិតគូរ ដូច្នេះសូមទុកពេលវេលាអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ធ្វើការងារសិន ហើយរឿងដែលក្រុមហ៊ុនយកលុយថ្លៃតូបលក់បណ្តោះអាសន្ន លោកទទួលយកដើម្បីរាយការណ៍ជូនឯកឧត្តមអភិបាលខេត្ត។
សូមបញ្ជាក់ថា ផ្សារបឹងឈូកបានឆាបឆេះសន្ធោសន្ធៅនៅយប់ថ្ងៃទី០៤ខែវិច្ឆិកា រយៈពេលប្រហែល៥ម៉ោងទើបអាជ្ញាធរបានគ្រប់គ្រងបាន ដោយសារតែអណ្តាតភ្លើងឆាបឆេះជាន់ទី១នៃតួផ្សារ ដែលភាគច្រើនអាជីវករលក់ក្រណាត់ទើបអណ្តាតភ្លើងឆាបឆេះលឿនពិបាកគ្រប់គ្រង។
គួបញ្ជាក់ផងដែរថា សំណង់អគារផ្សារបឹងឈូកនេះ បានដំណើរការសាងសង់នៅក្នុងឆ្នាំ១៩៩២ និងមានអាយុកាលសំណង់អគាររយៈពេល ៣២ឆ្នាំមកហើយ ៕