ប្រតិភូម្ចាស់ជំនួយ នៃរដ្ឋសហពន្ធ័អាឡឺម៉ង់ ចុះទស្សនាកិច្ចប្រតិបត្តិការបោសសម្អាតមីន ដោយ CMAC នៅស្រុកម៉ាឡៃ

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ ភូមិរ៉ូ អគ្គនាយករងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានជូនដំណើរគណៈប្រតិភូអគ្គលេខាធិការ NPA និងតំណាងស្ថានទូតណ័រវេស្សប្រចាំប្រទេសថៃ ព្រមទាំងម្ចាស់ជំនួយនៃរដ្ឋសហពន្ធ័អាឡឺម៉ង់ដឹកនាំដោយលោក Raymond Johansen ចុះទស្សនាកិច្ចប្រតិបត្តិការបោសសម្អាតមីន ដោយប្រតិបត្តិករ CMAC និងជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋជាអ្នកទទួលផលពីដីបោសសម្អាតមីន ស្ថិតនៅក្នុងភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។        

តាមមតិស្វាគមន៍ និងបទបង្ហាញរបស់លោក អ៊ាន សុធា ប្រធានកងឯកភាពកំចាត់មីនទីមួយ ប្រចាំខេត្តបន្ទាយមានជ័យ បានអោយដឹងថា ខេត្តបន្ទាយមានជ័យជាខេត្តមួយ ក្នុងចំណោមខេត្តដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីជម្លោះផ្ទៃក្នុងរាំរ៉ៃ ដែលបានបញ្ចប់នៅឆ្នាំ ១៩៩៨ ហើយក៏ជាខេត្តមួយ ក្នុងចំណោមខេត្តដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ។ ចំពោះទីតាំងចម្ការមីនដែលប្រតិភូបានទស្សនកិច្ច ដោយផ្ទាល់នេះ កងឯកភាពកំចាត់មីនទី១ បានធ្វើការពង្រាយកម្លាំងចាប់ផ្តើមកិច្ចប្រតិបត្តិការចាប់តាំងពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២៤នេះ ការបោសសម្អាតមីនសម្រេចបានលទ្ធផលបោសសម្អាតបានលើផ្ទៃដីសរុបចំនួន ១៣៦៥២ម៉ែត្រការរ៉េ រកឃើញមីនប្រឆាំងមនុស្សចំនួន ០៣គ្រាប់ ក្នុងប្រភេទ មីន ៦៩ បានចំននួ២គ្រាប់ ប្រភេទPOMZ.2 បានចំនួន ០១ គ្រាប់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន២គ្រាប់ក្នុងនោះប្រភេទ៦០មីលីម៉ែមចំនួន០១គ្រាប់, ប្រភេទPG2 ចំនួន០១គ្រាប់អំបែងចំនួន ៧៦៥ ៧៦៥ដុំ។

ឯកឧត្តមអ៊ុំ ភូមិរ៉ូ អគ្គនាយករងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា សូមថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលសាធារណរដ្ឋសហពន្ធ័អាឡឺម៉ង់ចំពោះការផ្តល់ជំនួយចំនួន៣,១២០.០០០ដុល្លារអាមេរិក (៣,១២លានដុល្លារ) តាមរយ:អង្គការជំនួយប្រជាជនណ័រវេស្ស (NPA) ដើម្បីគាំទ្រអង្គភាពស៊ីម៉ាក់សម្រាប់សកម្មភាពបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម នៅកម្ពុជានៅខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យ សម្រាប់រយ:ពេល២ឆ្នាំ (កញ្ញា ២០២៤-សីហា ២០២៦) ។

ឯកឧត្តម អ៊ុំ ភូមិរ៉ូ បានបង្ហាញដល់ប្រតិភូថាកិច្ចប្រតិបត្តិការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះជាភារកិច្ចស្នូលរបស់អង្គភាពគិតចាប់ពីឆ្នាំ១៩៩២ រហូតដល់ដើមខែវិច្ឆិកា ឆ្នាំ២០២៤នេះ អង្គភាព CMAC បានធ្វើការបោសសម្អាតផ្ទះដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួនជាង១.៩២០គីឡូម៉ែត្រក្រឡា រុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណជាង៣.១៤លានគ្រាប់ ក្នុងនោះមីនប្រឆាំងមនុស្សចំនួនជាង៦សែនគ្រាប់ (៦១៨,៧៧៩គ្រាប់) គ្រាប់មីនប្រឆាំងរថក្រោះចំនួនជិត១ម៉ឺន២ពាន់គ្រាប់ (១១,៥៩២គ្រាប់) គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួនជាង២លាន៥សែន (២,៥២១,៧៦២គ្រាប់) រួមជាមួយគ្រាប់បែកគីមីផងដែរ។

ការបោសសម្អាតមីន គឺ ដើម្បីផ្តល់ដីសុវត្ថិភាពសម្រាប់កសិកម្ម សាងសង់លំនៅដ្ឋាន អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ផ្តល់សុខសុវត្ថិភាពដល់វិស័យទេសចរណ៍ និងរមណីយដ្ឋាន។ល។ ផ្ទៃដីដែលបានប្រគល់ជូនអ្នកទទួលផល ត្រូវបានយកទៅប្រើប្រាស់ជាដីកសិកម្ម ហើយពួកគាត់បានដាំដុះលើដីទាំងនោះក្នុងផលិតបន្លែ ផ្លែឈើ យកទៅលក់នៅទីផ្សារដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ អង្គភាពក៏បានរួមចំណែកក្នុងការអភិវឌ្ឍក្រោយបោសសម្អាតមីនផងដែរ ដោយយើងបានកសាងប្រឡាយ អណ្តូងទឹក ផ្លូវគ្រួសក្រហម ផ្តល់ពូជកសិកម្ម ក៏ដូចជាបានផ្តល់នូវជើងសិប្បនិម្មិតដល់ជនរងគ្រោះដោយសារគ្រាប់មីនផងដែរ។ គិតមកទល់បច្ចុប្បន្ននេះ អ្នកទទួលផលដោយផ្ទាល់ និងប្រយោលពីការបោសសម្អាតមីនមានប្រហាក់ប្រហែល ៩.៥ លាន។

បន្ទាប់ពីគណៈប្រតិភូ បានស្តាប់បទបង្ហាញនៃមន្រ្តីស៊ីម៉ាក់រួចមក ប្រតិភូ បានអញ្ចើញចុះស្វែងយល់ដោយជាក់ស្តែង លើសកម្មភាពបោសសម្អាតមីន និងការកម្ទេចគ្រាប់មីននៅនឹងទីតាំងចំការមីន ហើយបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលទទួលផលពីការសម្អាតមីន និងប្រជាពលរដ្ឋពីការដែលរងគ្រោះ ដោយសារគ្រាប់មីនផងដែរ ៕

ដោយ ៖ K-P

CATEGORIES
Share This