រយៈពេល៥ខែឆ្នាំនេះ កម្ពុជាទទួលបានចំណូលពីការនាំចេញកៅស៊ូជាង ១៧០លានដុល្លារ
ភ្នំពេញ៖ ក្នុងរយៈពេល៥ខែឆ្នាំ២០២២ កម្ពុជានាំចេញជ័រកៅស៊ូជាង ១០ម៉ឺនតោន កើនឡើងប្រមាណ៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនៅចំណូលពីការនាំចេញកៅស៊ូ មានទឹកប្រាក់ជាង ១៧០លានដុល្លារ។
យោងតាមរបាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា បាននាំចេញជ័រកៅស៊ូ ក្នុងបរិមាណជាង ១០ ម៉ឺនតោន ក្នុងរយៈពេល ៥ខែ ឆ្នាំ ២០២២នេះ មានការកើនឡើង ៣ភាគរយ។
ចាប់ពីខែមករា ដល់ឧសភា ឆ្នាំ ២០២២នេះ ការនាំចេញជ័រកៅស៊ូ សម្រេចបានចំនួន ១០៥ ០៤៨តោន កើនឡើង ៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ខណៈដែលការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ១៣ ០២៦ម៉ែត្រគុប។
ចំណូលសរុបគិតត្រឹមខែឧសភា ក្នុងឆ្នាំ ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ១៧០ ២៨២ ០៣១ដុល្លារ ដោយក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ មានចំនួន ១៦៨ ៤៦៨ ៦៤០ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ១ ៨១៣ ៣៩១ ដុល្លារ។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានកៅស៊ូ គិតត្រឹមឆ្នាំ ២០២១ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០ ១៩៣ហិកតា កើនឡើងជាង ៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។
តាមរយៈកំណើននេះ អគ្គនាយកដ្ឋានកៅស៊ូបានព្យាករណ៍ថា ចាប់ពីឆ្នាំ ២០២២ តទៅ កម្ពុជានឹងអាចនាំចេញកៅស៊ូបានជាមធ្យម ៤០ម៉ឺនតោន ក្នុងមួយឆ្នាំៗ ដោយនឹងអាចនាំចេញទៅកាន់ប្រទេសចិន វៀតណាម សិង្ហបុរី និងម៉ាឡេស៊ី ក៏ដូចជាអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានផងដែរ៕