រដ្ឋសភាកម្ពុជា បោះឆ្នោតគាំទ្រទាំងស្រុង ជូនឯកឧត្តម ប្រាក់ សុខុន កាន់តំណែងជារដ្ឋមន្រ្តីក្រសួងការបរទេស
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជាកាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបោះឆ្នោតគាំទ្រទាំងស្រុង លើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលក្រោមសំឡេង១១២/១១២ សំឡេង បានបោះឆ្នោតឯកភាពទាំងស្រុង លើការតែងតាំង ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងការតែងតាំងឯកឧត្តម សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្រ្តី។
នេះជាលើកទី២ហើយ ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ដែលលើកទី១ ត្រូវបានធ្វើឡើងកាលពីខែកញ្ញា ឆ្នាំ២០២៤ ដោយ ឯកឧត្តម សុខ សូកេន ផ្លាស់ទៅជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច ហើយឯកឧត្តម ហួត ហាក់ ផ្លាស់ទៅជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ជំនួស ឯកឧត្តម សុខ សូកេន។
ឯកឧត្តម ប្រាក់ សុខុន វ័យ៧០ឆ្នាំ គឺជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេស ចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២៣ ក្នុងពេល សម្តេចតេជោ ហ៊ុន សែន កាន់តំណែងជានាយករដ្ឋមន្រ្តី។ ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ និងក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ ឯកឧត្តម ត្រូវតែតាំងជាអនុប្រធានទី១ នៃព្រឹទ្ធសភា។
ឯកឧត្តម សុខ ចិន្តាសោភា បានចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការបរទេសនេះ នៅរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលរហូតមកដល់ពេលនេះមានរយៈពេលប្រមាណ ១៤ខែប៉ុណ្ណោះ។
ក្នុងការបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសមាជិកសភាចូលរួមសរុប១១២រូប។ កិច្ចប្រជុំពេញអង្គនេះមានរបៀបវារៈចំនួន៤រួមមាន៖ ១៖ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតំាងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប។ ២៖ ការពិភាក្សានិងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើងនិងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។ ៣៖ ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។៤៖ ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។
ជាមួយនឹងការបោះឆ្នោតគាំទ្រទាំងស្រុងជូនឯកឧត្តម ប្រាក់ សុខុន កាន់តំណែងជារដ្ឋមន្រ្តីក្រសួងការបរទេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាក៏បានអបអរសាទរដល់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៕