រដ្ឋបាលខេត្តប៉ៃលិន រៀបចំប្រារព្ធពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល៣ថ្ងៃ ទទួលបានភ្ញៀវជិត២០មុឺននាក់

ប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិនដឹកនាំចូលរួម ដោយផ្ទាល់ពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាននិងលោកជំទាវបណ្ឌិតបាន ស្រីមុំអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានរៀបចំប្រារព្ធពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤-១៥ និង១៦ខែវិច្ឆិកា ឆ្នាំ២០២៤ នៅដងស្ទឹងប៉ៃលិន ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ និងអកអំបុក ដែលជាទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរតាំងពីបុរាណមក និងដើម្បីផ្តល់ភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ បានទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិបានមកដើរលេងកម្សាន្តក្នុងខេត្តប៉ៃលិនសរុបចំនួន ១៨៥,៥០៨នាក់ បើបៀបធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួនសរុប ៥២,៣៦១នាក់ កើនឡើងចំនួន ២៧៣.៣៨%។ នេះបើតាមការបញ្ជាក់របស់លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន។

ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានក្រុមការងារ បានអញ្ជើញជាអធិបតីភាព បើកពិធីនេះ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរ-អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្តយ៉ាងច្រើនកុះករ។

ការប្រារព្ធពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅដងស្ទឹងប៉ៃលិនឆ្នាំនេះ ត្រូវបានរៀបចំឡើងតាមទំនៀមទម្លាប់ប្រពៃណីដូនតាខ្មែរ មានដូចជាពិធីក្រុងពិលីសុំម្ចាស់ទឹកម្ចាស់ដី ពិធីអុជទៀនធូបថ្វាយព្រះរតនៈត្រៃ និងបារមីគ្រប់ទិសទី ពិធីដាល់អំបុក ពិធីអកអំបុក ពិធីដង្ហែរ និងបណ្តែតប្រទីប ពិធីបង្ហោះគោម រួមនិងការបាញ់កាំជ្រួច ព្រមទាំងមានប្រគុំតន្ត្រីរាំលេងកម្សាន្តផងដែរ ។

ជាមួយគ្នានោះជំទាវបាន ស្រីមុំ បានថ្លែងថា ពិធីបុណ្យអុំទូក គឺជាព្រឹត្តិការណ៍វប្បធម៌ប្រវត្តិសាស្រ្តដ៏ធំមួយ ក្នុងចំណោមព្រឹត្តិការណ៍វប្បធម៌ជាតិជាច្រើនទៀត ដែលបុព្វបុរសខ្មែរយើងបានបង្កើតឡើងជាច្រើនសតវត្សមកហើយ។ដើម្បីរួមចំណែក ក្នុងការថែរក្សាវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ ប្រពៃណីជាតិ និងផ្តល់ភាពសប្បាយជូនបងប្អូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅដងស្ទឹងប៉ៃលិន នេះ ហើយយើងទាំងអស់គ្នាមានឱកាសជួបជុំរីករាយជាមួយគ្នាក្នុងពេលនេះ គឺដោយសារសុខសន្តិភាព ដូចនេះយើងត្រូវរួមសាមគ្គីភាពគ្នា បន្តអភិវឌ្ឍន៍ខេត្តយើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ៕

CATEGORIES
Share This