Connect with us

សន្តិសុខ និង សង្គម

នគរបាល ឃាត់ខ្លួនក្មេងទំនើងបង្ហោះម៉ូតូ កែច្នៃបំពង់ស៊ីម៉ាំងលឺខ្លាំង និងជិះម៉ូតូរេពេញផ្លូវ ១៤នាក់ មកអប់រំណែនាំ

បន្ទាយមានជ័យ ៖ ក្រុមក្មេងទំនើង ជិះម៉ូតូបង្ហោះ កែច្នៃបំពង់ស៊ីម៉ាំងម៉ូតូលឺខ្លាំង និងជិះម៉ូតូរេពេញផ្លូវ ចំនួន១៤នាក់ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ត្រូវបានកម្លាំងនគរបាលក្រុងសិរីសោភ័ណ ឃាត់ខ្លួនធ្វើការអប់រំណែនាំ និងចុះកិច្ចសន្យាបញ្ឈប់សកម្មភាពទាំងនោះ ។

​លោកវរៈសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឱ្យដឹងថា ក្រុមក្មេងទំនើងខាងលើ ត្រូវបាន កម្លាំងជំនាញឃាត់ខ្លួននៅត្រង់ចំណុចភូមិសាស្ត្រ សង្កាត់ទឹកថ្លា, សង្កាត់អូរអំបិល និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានទាំងមនុស្ស និងម៉ូតូ១១គ្រឿង ក្នុងនោះមាន ម៉ូតូអត់ពន្ធចំនួន០៣គ្រឿង, ម៉ូតូធ្វើសកម្មភាពបង្ហោះ ២គ្រឿង, ម៉ូតូជិះពីក្រោយ ០២គ្រឿង, ម៉ូតូជិះរ៉េចុះឡើង ០១គ្រឿង, ម៉ូតូស៊ីមាំងលឺសម្លេងខ្លាំង០៦គ្រឿង ។

លោកអធិការ បញ្ជាក់ថា ចំពោះក្មេងទំនើងទាំងនោះ នគរបាលបានដាក់ពិន័យ ឲ្យរត់ជុំវិញដងទង់ជាតិ  ចំនួន២០ជុំ រួចធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យប្រព្រឹត្តជាលើកទី២ បើមិនរៀងចាល នឹងអនុវត្តតាមវិធានការរដ្ឋបាល បន្ទាប់មកកោះហៅឪពុកម្តាយ ឬអាណាព្យាបាលមកធានាយកទៅអប់រំបន្ត ។ ដោយឡែក ម៉ូតូដែលពាក់ព័ន្ធបំពង់ស៊ីម៉ាំងលឺខ្លាំង តម្រូវឲ្យម្ចាស់ដាក់បំពង់ស៊ីម៉ាំងឲ្យត្រូវតាមលក្ខណៈដើមវិញ និងម៉ូតូដែលអត់មានពន្ធ សមត្ថកិច្ចអនុវត្តតាមច្បាប់ ៕