អាជីវករផ្សារបឹងឈូក ជាង៥០នាក់ នាំគ្នាមកសាលាខេត្ត ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ ពីលោកអភិបាលខេត្ត
បាត់ដំបង ៖ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អាជីវករផ្សារបឹងឈូក ជាង៥០នាក់ បាននាំគ្នាមកខាងមុខបរិវេណសាលាខេត្ត ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីលោកអភិបាលខេត្ត អោយជួយរកដំណោះស្រាយជូនពួកគាត់ ។
អាជីវករបានលើកឡើងដូចៗគ្នាថា ពួកគាត់បាននាំគ្នាមកពេលនេះ ក្នុងគោលបំណងដើម្បីស្នើសុំអោយឯកឧត្តមអភិបាលខេត្ត ជួយអន្តរាគមន៍ ទី០១ ពន្លឿនការរៀបចំកន្លែងលក់ដូរ, ទី០២ ពន្លឿនការសាងសង់ និងទី០៣ រកដំណោះស្រាយរឿងសំណង ។
ជាមួយការប្រមូលផ្ដុំទាមទារខាងលើនេះដែរ លោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្ត តំណាងអោយឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានចេញមកជួបជាមួយអាជីវករនិងបានឆ្លើយតបថា ចំពោះកន្លែងលក់ដូរ ទី០១.លោកនិងរៀបចំអោយអាជីវករលក់ដូរនៅក្រោមសំយ៉ាបជុំវិញផ្សារ ,ទី០២.លោកនិងពន្លឿនការសាងសង់តូបឡើងវិញ ហើយក្រោយពីសាងសង់រួច អាជីវករធ្លាប់លក់កន្លែងណា គឺលក់កន្លែងហ្នឹងដដែល ,ទី០៣.បញ្ហាសំណង ថ្នាក់លើកំពុងរៀបចំកិច្ចការងារហ្នឹងហើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ អគ្គីភ័យបានឆេះផ្សារបឹងឈូកនៅចំណុចក្រុមទី៤២ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បណ្តាលអោយខូចខាតអគារជាន់ទី០១ទំហំ ២៧ម៉ែត្រ × ៦៣ម៉ែត្រ សង់អំពីបេតុង និងតូបអាជីវករលក់ដូរមាន ក្រណាត់ ខោអាវ គ្រប់ប្រភេទ ឆេះខូចខាតទាំងស្រុងចំនួន ១៣០តូប ខូចខាតគិតជាទឹកប្រាក់សរុបប្រហែល ១.០០០.០០០ ដុល្លារ ( មួយលានដុល្លារអាមេរិក ) ៕
ដោយ ៖ សាលី