ផ្លូវជាង៨០០គីឡូម៉ែត្រ ទូទាំងខេត្តព្រះវិហារ ដែលខូចខាតនារដូវវស្សាកន្លងមក ត្រូវបានជួសជុលរួចរាល់ ១០០ភាគរយ

ព្រះវិហារ ៖ ផ្លូវថ្នល់ទូទាំងខេត្តជាង៨០០គីឡូម៉ែត្រ គ្រប់គ្រងដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលរងការខូចខាតនារដូវវស្សាកន្លងមក ត្រូវបានជួសជុលថែទាំឡើងវិញរួចរាល់១០០%ហើយ ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋមានភាពងាយស្រួល។

នេះបើតាមការឲ្យដឹងពីលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅថ្ងៃទី០៨ខែវិច្ឆិកា ឆ្នាំ២០២៤ ។

លោកប្រធានមន្ទីរបញ្ជាក់ថា នៅក្នុងរដូវវស្សាឆ្នាំនេះដោយសារស្ថានភាពទឹកភ្លៀងធ្លាក់ជោគជាំខ្លាំង បានធ្វើឱ្យផ្លូវថ្នល់មួយចំនួន ទាំងផ្លូវក្រាល កៅស៊ូ និងផ្លូវក្រួសក្រហម តាមក្រវ៉ាត់ព្រំដែន ដែលគ្រប់គ្រងដោយមន្ទីរ រងការខូចខាតដោយកន្លែង ដែលជាមូលហេតុធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមានការលំបាកក្នុងការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលផ្សេងៗទៀតផង។

ប្រធានមន្ទីរបានបញ្ជាក់ថា ក្រោមការណែនាំពីសំណាក់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក្រោយរដូវវស្សាកន្លងផុត ភ្លៀងចាប់ផ្តើមរាំងភ្លាម ក្រុមការងារជួសជុល ថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចុះធ្វើសកម្មភាពយ៉ាងផុលផុស ធ្វើការជួសជុល ថែទាំឡើងវិញផ្លូវថ្នល់ទាំងអស់ដែលគ្រប់គ្រងដោយមន្ទីរ ធ្វើយ៉ាងណា មិនឱ្យមានគ្រលុក និងសំបុកមាន់ រហូតមកដល់ថ្ងៃនេះយើងបានជួសជុលរួចរាល់១០០%ហើយ ទាំងផ្លូវថ្នល់ក្រាលកៅស៊ូ និងផ្លូវថ្នល់ក្រួសក្រហម។

លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមថែរក្សាផ្លូវថ្នល់របស់យើងដើម្បីឱ្យការប្រើប្រាស់បានយូរអង្វែង ដោយកុំដឹកជញ្ជូនទំនិញលើសទម្ងន់កំណត់ កុំយកចំណីផ្លូវថ្នល់ធ្វើអាជីវកម្ម កុំចាក់ដីលុបលូ លុបប្រឡាយ និងចាក់ដីខ្ពស់ជាងផ្លូវថ្នល់ ជាពិសេសរាល់ពេលបើកបរសូមចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នាផងដែរ៕

ដោយ ៖ រ៉ាស៊ី

CATEGORIES
Share This