អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកថ្មគោលចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យ ចំនួន​ ៣គ្រួសារនៅឃុំតាពូង ស្រុកថ្មគោល

បាត់ដំបង​៖ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មគោល ដឹកនាំដោយ លោក ជា សម្បត្តិ ប្រធានគណៈកម្មាធិការអនុសាខាស្រុក រួមដំណើរដោយលោក ឡាយ សែ ប្រធានក្រុមកាកបាទក្រហមឃុំតាពូង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មគោល ទៅផ្តល់ជូនពលរដ្ឋចំនួន៣គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យ ស្ថិតនៅចំណុចក្រុមទី១៦ភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២២:៤៥នាទីយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចក្រុមទី១៦ ភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល​ ។ មូលហេតុ​ ប្តីស្រវឹង​​ស្រាឈ្លោះជាមួយប្រពន្ធក៍ដុតម៉ូតូខ្លួនឯង ហើយបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះខ្លួន និងផ្ទះបងប្អូនបង្កើត០២ខ្នងទៀតតែម្តង។

ក្នុងឱកាសនោះ លោក ជា សម្បត្តិ បានចូលរួមសម្តែងការសោកស្តាយជាពន់ពេក ជាមួយក្រុមគ្រួសារអាជីវកររងគ្រោះទាំងអស់ ចំពោះឧប្បត្តិហេតុ មិននឹកស្មានដល់នេះ ដែលបានបំផ្លាញលំនៅដ្ឋាន តូបអាជីវកម្ម និងសម្ភារ អស់គ្មានសល់ ។ លោកប្រធានគណៈកម្មាធិការអនុសាខាស្រុក បានពាំនាំនូវប្រសាសន៍ផ្តាំ ផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរបំផុត ពីសំណាក់ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេច តែងតែគិតគូរ បារម្ភ អំពីសុខទុក្ខរបស់បង ប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង រួមទាំង ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ហើយតែងបានចាត់តំណាង នាំយកជំនួយសង្រ្គោះបន្ទាន់ ជួយសម្រាលទុក្ខលំបាក ជូនជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមាន កាកបាទក្រហមកម្ពុជា ” ។
លោកប្រធានគណៈកម្មាធិការអនុសាខាស្រុក បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ពីគ្រោះអគ្គីភ័យ ដែលអាចកើតមានគ្រប់ពេល ប្រសិនបើ មានការធ្វេសប្រហែស ។ ដូចនេះពេលយើងមិននៅ ឬចាកចេញពីផ្ទះត្រូវបិទកុងតាក់ភ្លើងអគ្គិសនី ពន្លត់ភ្លើងចង្ក្រានហ្គាស ពន្លត់ទៀន ធូបជាមុនសិន ដើម្បីបង្ការក្រែងកើតមានមហន្តរាយផ្សេងៗ ។ ជាមួយនោះ លោកជា សម្បត្តិ ប្រធានគណៈកម្មាធិការអនុសាខា បានក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមលើកកំពស់ការថែទាំសុខភាពឱ្យបានល្អ រស់នៅត្រូវប្រកាន់ខ្ជាប់អនាម័យស្អាត ៣យ៉ាង ជាពិសេសត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាពផ្ទាល់ខ្លួនជាប្រចាំ ដោយត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួន តាមវិធានការសុខាភិបាល “៣ការពារ និង៣កុំ ១ចូលរួម ” ។
គូសបញ្ជាក់ថា អំណោយមនុស្សធម៌ ដ៏ថ្លៃថ្លារបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដែលផ្តល់ជូនទាំង ៣គ្រួសារ នាពេលនេះ ក្នុង១ គ្រួសារៗ ទទួលបាន អង្ករ ៤០ គីឡូក្រាម. មី១ កេស.ទឹកត្រី១យួរ. ទឹកសុទ្ធ១ កេស និងថវិកាចំនួន១៥ម៉ឺនរៀលផងដែរ ។

CATEGORIES
Share This