រដ្ឋមន្ត្រីការងារ ៖ សួនឧស្សាហកម្មវាយនភណ្ឌ នៅខេត្តកំពង់ស្ពឺ បង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពដល់ប្រជាពលរដ្ឋ ពី៥ទៅ៦ម៉ឺននាក់

កំពង់ស្ពឺ ៖ ការបោះទីតាំងវិនិយោគរបស់ក្រុមហ៊ុន សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា នៅក្នុងខេត្តកំពង់ស្ពឺ គឺជា ការសម្រេចយុទ្ធសាស្ត្រមួយក្នុងការវិនិយោគលើគម្រោងឧស្សាហកម្ម ដោយផ្តោតលើបង្កើតឱ្យបានសួនឧស្សាហកម្មវាយនភណ្ឌ លំដាប់ជាតិ និងការអភិវឌ្ឍន៍ ដែលផ្តល់ឱកាសឱ្យកម្ពុជាក្លាយជាមូលដ្ឋានផលិតកម្ម និងទីតាំងផ្គត់ផ្គង់ដ៏សំខាន់លើឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងអេឡិចកញប្លាតីងស្បែកក្នុងតំបន់អាស៊ាន ។ សួនឧស្សាហកម្មនេះ នឹងបង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋ ប្រមាណពី៥ម៉ឺនទៅ៦ម៉ឺននាក់ ។

នេះបើយោងតាមការលើកឡើងរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈ ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា ស្ថិតក្នុងភូមិឈើនាងខ្ពស់ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក ហេង សួរ លើកឡើងថា ការបង្កើតការងារជូនប្រជាពលរដ្ឋគឺជានយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ ដែលផ្តើមចេញតាំងពីដើមអាណត្តិរបស់រាចរដ្ឋាភិបាលមក ដែលបានស្តែងចេញតាមរយៈសកម្មភាពរបស់សម្តេចធិបតីក្នុងអញ្ជើញជួបកម្មករនិយោជិតក្នុងវិស័យឧស្សាហកម្មវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើងនិងផលិតផលិតផលធ្វើដំណើរ និងការបូបនៅតាមបណ្តាខេត្តបន្តបន្ទាប់ និងការដាក់ចេញនូវអនុសាសន៍ដល់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជំរុញវិស័យនេះឱ្យមានការរីកចម្រើនដោយផ្តោតការយកចិត្តទុកដាក់លើកំណើនការងារនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។

រដ្ឋមន្ត្រីក្រសួងការងារ បានលើកឡើងដោយគូសបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រសរុបចំនួន៤៤៣កន្លែង មានកម្មករ កម្មការិនីសរុបជាង១៧ម៉ឺននាក់កំពុងធ្វើការ។ ជាមួយនិងកំណើនរោងចក្រ សហគ្រាសនេះ ខេត្តក៏បាននិងកំពុងជួបនូវកង្វះកម្លាំងពលកម្មប្រមាណជាងមួយម៉ឺននាក់ផងដែរ។

ជាមួយនិងកង្វះនេះ រដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាលនិងវិជ្ជាជីវៈបានលើកទឹកចិត្តទៅមន្ទីរនិងអាជ្ញាធរឱ្យបង្កើនការផ្សព្វផ្សាយដើម្បីស្វែងរកកម្លាំងពលកម្ម ពិសេសជូនដំណឹងទៅដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តដែលតែងចំណាកស្រុកទៅធ្វើការងារនៅប្រទេសជិតខាងឱ្យបានដឹងពីឱកាសការងារនេះ។ស្របគ្នានេះដែរ ក្រសួងការងារក្រោមការគិតគូពីរាជរដ្ឋាភិបាលក៏បាននិងកំពុងបណ្តុះបណ្តាលកម្មករជំនាញបន្ថែមដើម្បីបំពេញតម្រូវការនេះដេរ ដែលតាមទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលគឺឱ្យបាន១លាន៥សែននាក់។បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងក៏បានសង្កត់ធ្ងន់ថាវិស័យឯកជនគឺជាដៃគូអភិវឌ្ឍដ៏សំខាន់និងមិនអាចខ្វះបានដោយផ្សារភ្ជាប់ទំនក់ទំនងល្អនិងផ្តល់អត្ថប្រយោជន៍ទៅវិញទៅមកដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយភាពសំបូរបែបនិងការត្រៀមលក្ខណៈសម្បត្តិនិងមូលធនមនុស្សឱ្យបានគ្រប់ជ្រុងជ្រោយក្នុងការទាក់ទាញនិងស្វាគមន៍វិនិយោគធំៗពីបរទេស ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This