មន្រ្តី និងយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ទទួលការបណ្តុះបណ្តាល ស្តីពី បរិយាបន្នពិការភាព និងបង្ការទប់ស្កាត់ ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ

បាត់ដំបង ៖ ដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់កិច្ចការពារខ្លួន កុំឱ្យចាញ់ការឆបោក កេងប្រវ័ញ្ច និងរំលោភបំពានគ្រប់ទម្រង់ របស់ជនខិលខូចនោះ កាកបាទក្រហមកម្ពុជា បានផ្តល់ការបណ្តុះបណ្តាល ស្តីពី បរិយាបន្នពិការភាព និងបង្ការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ ដល់មន្រ្តូីសាខា និងយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា នាថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ។

វគ្គបណ្ដុះបណ្ដាលនេះ មានការចូលរួមពីនាយក នាយករង នាយិការង មន្រ្តីប្រតិបត្តិសាខា ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា មកពីខេត្តបាត់ដំបង សៀមរាប ឧត្តរមានជ័យ កំពង់ឆ្នាំង ប៉ៃលិន ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ។ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្រ្តី និងយុវជនឱ្យបានយល់ដឹងពីបរិយាបន្នពិការភាព និងសិក្សាវិធីសាស្ត្រទប់ស្កាត់ការកេងប្រវ័ញ្ច និងការរាយការណ៍ពីបទល្មើសលើកុមារតាមអនឡាញ ជាពិសេសវិធីសាស្ត្រទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ ។

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានលើកឡើងថា កាកបាទក្រហមកម្ពុជាតែងតែមានសកម្មភាពការលើកកម្ពស់បរិយាបន្ន គឺជាមុខសញ្ញាអាទិភាពមួយនៅក្នុងគ្រប់ប្រតិបត្តិការមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ការផ្តោតទៅលើកុមារដែលនៅក្នុងទិដ្ឋភាពជារួមតាមរយៈអនឡាញគឺមានរូបភាពបោកប្រាស់ជាច្រើន តែយើងបានយកចំណុចការកេងប្រវ័ញ្ចតាមផ្លូវភេទកុមារតាមអនឡាញធ្វើជាប្រធានបទនេះ ដោយសារតែជាផ្នែកមួយនៃសកម្មភាពការងាររបស់កាកបាទក្រហមកម្ពុជា ដែលបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្រឆ្នាំ២០២១-២០៣០ និងសមស្របនៅក្នុងពេលបច្ចុប្បន្ននេះ ដោយយើងកំពុងតែមានយុទ្ធនាការអំពីការលើកកម្ពស់សិទ្ធិស្ត្រី ក្នុងពេលដែលក្រសួងកិច្ចការនារីតែងតែមានយុទ្ធនាការបូរពណ៌សនៅក្នុងការលើកកម្ពស់សិទ្ធិស្ត្រី និងកុមារ ហើយចំពោះការកេងប្រវ័ញ្ចផ្លូវភេទកុមារ ក៏ជាការងារមួយដែលកាកបាទក្រហមកម្ពុជា បានយល់ឃើញថា បច្ចុប្បន្នមានកុមារដែលរងគ្រោះដោយសារការបោកប្រាស់នៅតាមអញឡាញនេះ ។

លោកជំទាវ ម៉ែន នារីសោភ័គ បានសំណូមពរដល់ក្មួយៗដែលនិយមប្រើតាមអនឡាញត្រូវយកចិត្តទុកដាក់អំពីល្បិចកលនៅក្នុងការប្រើប្រាស់អនឡាញក្នុងពេលបច្ចុប្បន្ននេះ ទាំងអ្នកខ្លះក្លាយខ្លួនទៅជាអ្នករងគ្រោះ ដោយការប្រើប្រាស់តាមប្រព័ន្ធអនឡាញដោយមិនដឹងខ្លួន ជាឧទាហរណ៍ពេលមានករណីកុមារមួយដែលរងគ្រោះ ហើយមានអ្នកយកព័ត៌មាននេះទៅផ្សព្វផ្សាយបំផុសរកថវិកាតាមរយៈភាពរងគ្រោះរបស់កុមារនោះ ដែលនេះគឺជារឿងមួយដែលយើងត្រូវរួមគ្នាទប់ស្កាត់ឲ្យមានការយល់ដឹងទាំងអស់គ្នា ។

លោក ផេង សិទ្ធី អភិបាលរងខេត្ត និងជាសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចាត់ទុកថា ជនមានពិការភាព គឺជាតួអង្គមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍគ្រួសារ សហគមន៍ និងសង្គមជាតិខណៈបច្ចុប្បន្ននេះរាជរដ្ឋាភិបាលមានបេសកកម្ម និងចក្ខុវិស័យច្បាស់លាស់ ដោយបានគិតគូរយកចិត្តទុកដាក់ដល់ជនមានពិការភាព និងក្រុមគ្រួសាររបស់ពួកគេ ដោយធ្វើយ៉ាងណាបង្កលក្ខណៈឱ្យពួកគេមានឱកាសស្មើគ្នា ក្នុងការបញ្ចេញនូវសក្តានុពលសមត្ថភាព និងភាពប៉ិនប្រសប់របស់ខ្លួន ដើម្បីឱ្យមានគុណភាពជីវិតល្អប្រសើររស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរព្រមទាំងការធ្វើបរិយាបន្នពិការភាពក្នុងគ្រប់វិស័យ ដូចជាក្នុងជីវភាពសាធារណៈ ជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ សិល្បៈ សាសនា កីឡា និងសកម្មភាពផ្សេងៗទៀត ៕

ដោយ ៖ សាលី

CATEGORIES
Share This