ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួចម៉ូតូ
បន្ទាយមានជ័យ ៖ ជនសង្ស័យជាចោរលួចម៉ូតូម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នា២០២៤ ក្រោយធ្វើសកម្មភាពលួចម៉ូតូ បានសម្រេចមិនបានប៉ុន្មានម៉ោង ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា នៅវេលាម៉ោង១០និង០០នាទី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលពាក្យបណ្ដឹងពីឈ្មោះ ពេជ្រដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្តីពីករណីលួចម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ព្រីងទុំ គ្មានផ្លាកលេខ ចំនួន០១គ្រឿងខណៈ ទុកម៉ូតូនៅកន្លែងធ្វេីការ កាលពីថ្ងៃខែឆ្នាំដដែល នៅចំណុចមុខបណ្ណាគារអប្សរា ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
លោកបន្តថា ក្រោយទទួលពាក្យបណ្ដឹងភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខឡេង ជាមេបញ្ជាការ បានចុះដល់កន្លែងកើតហេតុ កំណត់មុខសញ្ញាជនសង្ស័យ រហូតដល់វេលាម៉ោង១១ និង០០នាទី ថ្ងៃដដែល បានឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឃីម កំសត់ភេទប្រុស អាយុ១៨ឆ្នាំ នៅចំណុចភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រមទាំងវត្ថុតាងម៉ូតូក្នុងបណ្តឹងផងដែរ ។
លោកមេបញ្ជាការរង បានបញ្ជាក់ថា ក្រោយឃាត់ខ្លួននិងសាកសួរ ជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ចំណែកម៉ូតូត្រូវបានប្រគល់ជូនម្ចាស់ដើមវិញផងដែរ ៕