អភិបាលរងខេត្តកំពង់ស្ពឺ រំពឹងថា វេទិកាថ្នាក់ខេត្តនឹងពង្រឹងអភិបាលកិច្ច នៅមូលដ្ឋានកាន់តែមានភាពធន រឹងមាំ មានសមត្ថភាព លទ្ធភាពសមស្រប ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋាន
កំពង់ស្ពឺ ៖ អភិបាលខេត្តរងកំពង់ស្ពឺលោក សុខ សុទ្ធី បានបង្ហាញក្តីរំពឹងថា ការរៀបចំវេទិកាថ្នាក់ខេត្តនឹងរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីធានាថាដំណើរការកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ នឹងបានបោះជំហ៊ានទៅមុខប្រកបដោយវិជ្ជមាន មានការចូលរួម ការគាំទ្រ និងការទទួលខុសត្រូវប្រកបដោយភាពម្ចាស់ការ ក្នុងការរួមគ្នារៀបចំ និងពង្រឹងអភិបាលកិច្ចនៅមូលដ្ឋានកាន់តែមានភាពធន រឹងមាំ មានសមត្ថភាព លទ្ធភាពសមស្របក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋានឱ្យមានវឌ្ឍនភាព ។
ការណ៍នេះ លើកឡើងក្នុងវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
លោក សុខ សុទ្ធី បានលើកឡើងថា ការអនុវត្តតួនាទី ភារកិច្ចរបស់មន្ត្រី អាជ្ញាធរមូលដ្ឋានក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋគឺពិតជាមិនបានគ្រប់ជ្រុងជ្រោយនិងទាន់សភាពការណ៍នោះទេ ហើយមានការងារខ្លះមន្ត្រីអនុវត្តក៏មិនបានល្អប្រសើរនោះដែរ។ប្រការនេះបានបង្កនូវការថ្នាំងថ្នាក់និងបាត់បង់នូវទំនុកចិត្តពីប្រជាពលរដ្ឋមកលើមន្ត្រីអ្នកអនុវត្តតួនាទី ហើយក្នុងនោះក៏មានបញ្ហាប្រឈមមួយចំនួនដល់មន្ត្រីដែលមិនអាចបញ្ចេញនូវឆន្ទះអនុវត្តតូនាទី ភារកិច្ចរបស់ខ្លួនផងដែរ។
អភិបាលរងខេត្តកំពង់ស្ពឺ បានលើកឡើងដោយគូសបញ្ជាក់ថា មានបញ្ហាប្រឈមមួយចំនួនត្រូវបាន កើតឡើងនិងដោះស្រាយដោយឃុំសង្កាត់ បញ្ហាដែលបានកើតឡើងនៅក្រុងស្រុកនិងបញ្ហាប្រឈមនានាដែលស្នើឡើងដោយរដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលខេត្ត សំរាប់រៀបចំអនុវត្តចាត់ចែងតាមថ្នាក់ រដ្ឋបាលក្នុងខេត្តពិនិត្យពិភាក្សាដោះស្រាយ និងស្នើសុំអន្តរាគមន៍ទៅក្រសួងស្ថាប័នថ្នាក់ជាតិ ដើម្បីជួយដោះស្រាយ។ហើយដើម្បីឱ្យដំណើរដោះស្រាយទទួលបាន នូវយុត្តិធម៌និងមានទំនុកចិត្តពីប្រជាពលរដ្ឋ រដ្ឋបាលខេត្ត ស្រុកក្រុង ឃុំសង្កាត់ត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងលិខិតបទដ្ឋានគតិយុត្តិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងជំរុញដល់មន្ត្រីផ្ដល់សេវានៅតាមមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ត្រូវផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យឆាប់រហ័សនិងមានភាពល្អប្រសើរ តម្លាភាព ប្រសិទ្ធភាពនិងទាន់ពេលវេលាធ្វើយ៉ាងណាឱ្យពលរដ្ឋកាន់តែមានទំនុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ៕
ដោយ ៖ ប៊ុត សារុន