ទំនាស់ដីធ្លីរាំរ៉ៃជិត២០ឆ្នាំ ចំណុចអូរស្វារអិល នឹងឈានដល់ការចាប់ដៃគ្នាចុះវាស់វែង កំណត់ព្រំដីបញ្ចប់ទំនាស់

115

បន្ទាយមានជ័យ ៖ អនុវត្តតាមនយោបាយឈ្នះៗ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទំនាស់ដីធ្លី៦៦ហិកតា នៅចំណុចអូរស្វារអិល ស្ថិតក្នុងភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ោយ ខេត្តបន្ទាយមានជ័យ ដែលមានទំនាស់រ៉ាំរ៉ៃជិត២០ឆ្នាំមកហើយនិះ បានឈានដល់ចាប់ដៃគ្នាចុះវាស់វែង កំណត់ព្រំដីបញ្ចប់ទំនាស់ ដោយសន្តិវិធី ។

កិច្ចសម្របសម្រួលរហូតឈានដល់ការបញ្ចប់ទំនាស់នេះ ធ្វើឡើងនៅលើទីតាំងដីទំនាស់ខាងលើកាលពីថ្ងៃទី២៩ ខែមករាឆ្នាំ២០២១ ក្រោមការចុះសម្របសម្រួលពីសំណាក់គណៈកម្មាការដោះស្រាយទំនាស់ដីធ្លីថ្នាក់ខេត្ត ដឹកនាំដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងដោយមានការចូលរួមពីគ្រប់ភាគីទាំងសងខាង ម្ខាង១៤គ្រួសារ និងម្ខាងទៀត៥១គ្រួសារ ដោយយោងលិខិតជូនដំណឹងរបស់គ្រួសារមហាផ្ទៃចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ សុំចាត់វិធានការរដ្ឋបាលចំពោះក្រុមអនាធិបតេយ្យចូលកាន់កាប់វាស់វែងបែងចែក និងលក់ដូរដីធ្លី និងសង់ផ្ទះ ខ្ទម រោង លើដីកម្មសិទ្ធឯកជនរបស់ប្រជាពលរដ្ឋចំនួន១៤គ្រួសារដែលមានប័ណ្ណសម្គាល់សិទ្ធកាន់កាប់អចលនវត្ថុនៅចំណុចអូរស្វាររអិល ភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

មុនឈានដល់ការស្រុះស្រួលគ្នាបញ្ចប់ទំនាស់នេះ លោក ង៉ោ ម៉េងជ្រួន បានលើកឡើងពីនីតិវីធីនៃការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយផ្តោតទៅលើការសម្របសម្រួលគ្នានៃមូលដ្ឋានច្បាប់ ជាពិសេសតាមនយោបាយឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យភាគីទាំងពីរអនុវត្ត និងបានលើកឡើងពីសំណូមពរ ទៅវិញទៅមករហូតភាគីទាំងពីរបានឯកភាពគ្នា ដោយព្រមរុសរើសំណង់ ដោយខ្លួនឯង ហើយទៅធ្វើនៅលើដីដែលបានបែងចែកគ្នាវិញ ។

លោក ង៉ោ ម៉េងជ្រួន បានបន្ថែមទៀតថា ក្រោយពីការសម្របសម្រួលគ្នាចប់ លោកបានដាក់វិធានការផ្លូវច្បាប់ ចាប់ឃាត់ខ្លួនអ្នកថ្មីណាដែលចូលមកសាងសងថ្មីឬមកធ្វើអ្វីក្រៅពីកិច្ចព្រមព្រាងខាងលើ បញ្ជូនខ្លួនទៅអធិការ ដើម្បីបញ្ជូនបន្តទៅតុលាការតាមផ្លូវច្បាប់ ។

បន្ទាប់ពីកិច្ចសម្របសម្រួលដោះស្រាយនេះបានបញ្ចប់ អាជ្ញាធរខេត្តបន្ទាយមានជ័យ នឹងចេញសេចក្តីជូនដំណឹងជាសាធារណៈអោយ រុសរើសំណង់ទៅតាមការឯកភាព និងស្រុះស្រួលគ្នាក្នុងរយៈពេល១៥ថ្ងៃ បើមិនអនុវត្តតាមនោះទេ អាជ្ញាធរនឹងអនុវត្តដោយបង្ខំតាមនីតិវិធីច្បាប់ ៕

ចំណែក