ឃាត់ខ្លួនជនបរទេស និងខ្មែរប្រុសស្រីជាង ១០០នាក់ពេលនគរបាលក្រុងប៉ោយប៉ែត ឆ្មក់ចូលក្លឹបកំសាន្តស្តាស៊ីធី

បន្ទាយមានជ័យ ៖ នគរបាលក្រុងប៉ោយប៉ែត អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងការសម្របសម្រួលនិតិវិធីពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានសម្រុកចូលក្នុងក្លឹបកំសាន្តយីហោ ស្តាស៊ីធី (STAR CITY PUB&KTV) ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនបរទេស និងខ្មែរប្រុសស្រី មានទាំងភ្ញៀវ និងអ្នកបម្រើការងារសរុបប្រមាណជាង ១០០នាក់ យកទៅសាកសួរ និងពិនិត្យរកសារធាតុញៀន។

លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់អ្នកសារព័ត៌មានថា ក្រោយពីរត្រួតពិនិត្យរហូតឈានដល់ការឃាត់ខ្លួន ជនបរទេស និងជនជាតិខ្មែរ ដែលបម្រើការងារនៅក្នុងក្លឹបកំសាន្តខាងលើនេះរួចមក រហូតព្រឹកឡើងបានដឹកតាមរថយន្ត១៦កៅអី របស់សាលាក្រុង បញ្ជូនទៅកាន់ទីបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ដើម្បីធ្វើការសាកសួរ ។ ដោយឡែកមធ្យោបាយធ្វើដំណើរ ដូចជាម៉ូតូជាដើម របស់ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ច ដឹកយកទៅរក្សាទុក រីឯក្លឹបកំសាន្ត ត្រូវបានបិទបណ្ដោះអាសន្ន រង់ចាំធ្វើនីតិវិធីជាក្រោយ។

ជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងធ្វើការសាកសួរ និងរង់ចាំបទបញ្ជាពីថ្នាក់ដឹកនាំ ធ្វើតេស្តរកសារធាតុញៀន ដើម្បីអនុវត្តតាមនីតិវិធី ក្នុងករណីធ្វើតេស្តមិនមានសារធាតុញៀនទេ នឹងធ្វើការដោះលែងឲ្យត្រឡប់ទៅវិញ ។

គួររំលឹកផងដែរថា រយៈកាលកន្លងមកនេះ អាជ្ញាធរមូលដ្ឋាន ពិសេសសមត្ថកិច្ចក្រុងតែងតែចុះ ធ្វើការណែនាំ នៅតាមក្លឹបកំសាន្ត(KTV) ជារឿយៗ នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ក្រោយពីមានការផ្សព្វផ្សាយបែកធ្លាយរឿងក្លឹបកំសាន្ត (KTV) មួយចំនួនលួចបង្កប់ល្បែងស៊ីសង និងថ្នាំគ្រវី រហូតសមត្ថកិច្ចឱ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ ហើយកន្លែងខ្លះត្រូវបានបិទបណ្ដោះអាសន្នថែមទៀតផង ។ ហើយករណីដែលកម្លាំងសមត្ថកិច្ចចុះពិនិត្យរហូតឈានដល់ឃាត់ខ្លួនជនបរទេសនិងខ្មែររហូតជាង ១០០ នាក់នេះ មិនដឹងថាជាករណីអ្វីឲ្យពិតប្រាកដនៅឡើយទេ ៕

CATEGORIES
Share This