គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ ចុះបង្ក្រាបបទល្មើសជលផល ដោយបានបំផ្លាញឧបករណ៍ល្មើសជាច្រើន
បាត់ដំបង ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ និងមន្រ្តីជលផល បានបន្តចុះធ្វើការបង្ក្រាបបទល្មើសជលផល នៅចំណុចទីតាំង០២ផ្សេងគ្នា ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយប្រើប្រាស់កម្លាំង ១៣នាក់ និងកាណូត០៥គ្រឿង។
កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងពេញមួយថ្ងៃ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅចំណុចខាងលិចកន្ត្រៃ ខាងត្បូងរហាល ស្ថិតក្នុងឃុំព្រៃចាស់ និងចំណុចទ្រុងក្រពើ បឹងធំ ស្ថិតក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយបានរុះរើកាប់បំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ខុសពីការកំណត់ប្រកាសរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ជាមួយគ្នានេះ មន្ត្រីជំនាញបានកាប់បំផ្លាញចោល ,សាច់មង ១៦០០ម៉ែត្រ ,សាច់ស្បៃមុង ៧៥០ម៉ែត្រ ,បង្គោល ៤៣០ដើម ,ឡុកចាប់ត្រី ០៦គ្រឿង ,លូស្បៃមុង ១៥មាត់ និងប្រលែងត្រីចម្រុះ ៣០គីឡូក្រាមផងដែរ ៕
ដោយ ៖ សាលី