ឯកឧត្តម លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ជូនដំណើរប្រតិភូក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ចុះទស្សនាកិច្ចប្រតិបត្តិការបោសសម្អាតមីនដោយ CMAC

ខេត្តបន្ទាយមានជ័យ ៖  ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា កាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បានជូនដំណើរគណៈប្រតិភូក្រុមប្រឹក្សាអង្គការសហប្រជាជាតិមកពី UNDP/UNFPA/UNOPS, UNICEF, UNOPS, UN-Women and WFP ចុះទស្សនាកិច្ចប្រតិបត្តិការបោសសម្អាតមីន ដោយប្រតិបត្តិករ CMAC និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ជាអ្នកទទួលផលពីដីបោសសម្អាតមីន ស្ថិតនៅក្នុងភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។​​

ក្នុងដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ គណៈប្រតិភូបានស្វែងយល់ ពីសកម្មភាពបោសសម្អាតមីនមនុស្សធម៌ និងសមិទ្ធផលដែលសម្រេចបានក្នុងខេត្របន្ទាយមានជ័យ ។

សូមបញ្ជាក់ផងដែរថា អង្គការសហប្រជាជាតិ UN/UNDP បានចូលរួមក្នុងសកម្មភាពមីនតាំងពីឆ្នាំ១៩៩២ ពោលចាប់តាំងពីឆ្នាំដែលអង្គភាពស៊ីម៉ាក់ត្រូវបានបង្កើតឡើងដើម្បីធ្វើការបោសម្អាតមីនមនុស្សធម៌ ដែលបានផ្តល់សេវាបច្ចេកទេសនិងប្រឹក្សាដល់អង្គភាពស៊ីម៉ាក់ ដោយមានប្រើប្រាស់ថវិកាសរុបប្រមាណជាង ១២៨ លានដុល្លារអាម៉េរិក។ ដោយឡែកសម្រាប់គម្រោងបោសសម្អាតមីនដើម្បីទិន្នផល (UNDP Clearing for Results Project) ដែលបានចាប់អនុវត្តចាប់តាំងពីឆ្នាំ២០០៦ មកទល់ខែកញ្ញា ឆ្នាំ២០២៤នេះ លទ្ធផលទទួលបានពីការរំដោះផ្ទៃដីប្រមាណ ជាង២៣៥ គីឡូម៉ែត្រក្រឡា រុករកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ៧១.៣៦៣គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះចំនួន១.៤៣៦គ្រាប់ និងសំណល់យុទ្ធភណ្ឌសង្គ្រាមចំនួន ៧២.៧៩៩គ្រាប់។

ក្នុងដំណើរទស្សនៈកិច្ចនេះ គណៈប្រតិភូបានអញ្ជើញទស្សនាការបោសសម្អាតមីន ដោយមនុស្ស ដោយសុនខ និងបានជួបសំណេះសំណាលជាមួយបងប្អូនជាជនមានពិការ ដោយសារគ្រាប់មីន និងអ្នកទទួលផលចំនួន៣០នាក់។

តាមរយៈដំណើរទស្សនកិច្ចនេះ គណ:ប្រតិភូបានយល់ដឹងស៊ីជម្រៅអំពីកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសមទិ្ធផលដ៍ធំធេងដែលកម្ពុជាសម្រេចបានក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញា ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលឆ្ពោះទៅមុខ និងកិច្ចសហប្រតិបតិ្តការអន្តរជាតិយ៉ាងទូលំទូលាយរបស់កម្ពុជាលើឆាកអន្តរជាតិ ៕

CATEGORIES
Share This