រថភ្លើងបុករថយន្តទំនើបមួយគ្រឿងដែលកំពុងឆ្លងផ្លូវបណ្តាលអោយខូចខាតថ្ពាល់ក្រោយផ្នែកខាងឆ្វេង

ខេត្តបាត់ដំបង! រថយន្តស៊េរីទំនើបមួយគ្រឿងរងការខូចខាតកំពិតថ្ពាល់ក្រោយមួយចំហៀងផ្នែកខាងឆ្វេងខណៈដែលកំពុងបើកបរឆ្លងកាត់ផ្លូវត្រូវរថភ្លើងបុកពេញទំហឹង ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កម្រជួបប្រទះខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១២និង៥០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

ប្រភពចេញពីកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថភ្លើងប្រភេទទេសចរណ៍ ដែលមានលេខខាងមុខAS1003 ពណ៌ក្រហម លាយខៀវ មួយគ្រឿងបើកបរក្នុងទិសដៅពីត្បូងទៅជើង (ភ្នំពេញ បាត់ដំបង) ដោយមានដឹកភ្ញៀវពេញ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្ត ស៊េរីទំនើបមួយគ្រឿងម៉ាកNISSAN ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ.2BQ-2557 បើកបរដោយបុរសវ័យចំណាស់ម្នាក់ក្នុងទិសដៅពីកើតទៅលិចបានបើកឆ្លងផ្លូវតែមិនផុតក៏ត្រូវរថភ្លើងបុកពេញទំហឹងបណ្តាលអោយខូចខាតកំពិតថ្លាល់ក្រោយមួយចំហៀងផ្នែកខាងឆ្វេង ចំណែករថភ្លើងខូចខាតបែកកញ្ចក់ហ្វាភ្លើងខាងមុខផងដែរ តែមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សឡើយ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តទាមទារអោយខាងភាគីរថភ្លើងសងការខូចខាត ដោយសារផ្លូវឆ្លងកាត់ពេលរថភ្លើងមកមិនមានអ្នកឈរកាន់ទង់ជាតិបញ្ឈប់មនុស្ស បន្ទាប់មកនគរបាលចរាចរណ៍ខេត្តបានចុះមកនាំយករថយន្តទៅរក្សាទុកដើម្បីរងចាំខាងម្ចាស់ក្រុមហ៊ុនរថភ្លើងមកចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់។

CATEGORIES
Share This