រឿងក្តីឃាតកម្មគិតទុកជាមុន កូនដើមសម្លាប់ឪពុកចុងនៅស្រុកភ្នំព្រឹកខេត្តបាត់ដំបង សាលាឧទ្ធរណ៍រក្សាការដាក់គុកឃាតកមួយជីវិត

បាត់ដំបង ៖ សំណុំរឿងឃាតកម្មគិតទុកជាមុនដែលកូនដើមរៀបចំគម្រោងសម្លាប់ឪពុកចុងនៅស្រុកភ្នំព្រឹកខេត្តបាត់ដំបងកាលពីជិត១ឆ្នាំមុន  ត្រូវបានសាលាឧទ្ធរណ៍តំបន់បាត់ដំបងរក្សាទុកជាបានការរបស់សាលាដំបូងខេត្ត ដែលបានសម្រេចផ្តន្ទាទោសដាក់គុកកូនដើមជាឃាតកនោះ អស់មួយជីវិត។

នេះបើតាមការប្រកាសាលដីកាមួយរបស់ស្ថាប័ននេះ កាលពីថ្ងៃទី២៣ខែតុលាឆ្នាំ២០២៤ ហើយសារព័ត៌មានទទួលបានការអោយដឹងនៅថ្ងៃទី២៤ខែតុលា ។

សូមរំលឹកថា ឃាតកម្មនោះប្រព្រឹត្តកាលពីម៉ោង៦ និង១៣នាទី ព្រលប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្ទះជនរងគ្រោះនាក្រុមទី៩ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង ជនជាប់ចោទដែលជាឃាតកមានឈ្មោះ វណ្ណាវី វិជ្ជន:(វច្ឆណ:) ហៅដែន ភេទប្រុស អាយុ៣៦ឆ្នាំ កម្រឹតវប្បធម៌អនុបណ្ឌិតព័ត៌មានវិទ្យានៅប្រទេសអូស្ត្រាលី មុខរបរពុំពិតប្រាកដ ស្នាក់នៅភូមិព្រែកមហាទេពសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនជាប់ចោទត្រូវជាកូនដើម ។ ចំណែកជនរងគ្រោះមានឈ្មោះ ហៃ សុភ័ក្ត្រ ភេទប្រុស អាយុ៦៥ឆ្នាំ (ជាវរសេនីយ៍ត្រីនគរបាលចូលនិវត្តន៍) មុខរបរធ្វើចម្ការ ជនរងគ្រោះនិងប្រពន្ធចុង(ម្តាយរបស់ជនជាប់ចោទ) មាននៅទីលំនៅក្រុមទី៩ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង ។

ប្រភពព័ត៌មានបានអោយដឹងថា កាលនៅសាលាដំបូងខេត្តបាត់ដំបង  នេះជាសំណុំរឿងព្រហ្មទ័ណ្ឌលេខ:១៥៩០ ចុះថ្ងៃទី២១ខែធ្នូឆ្នាំ២០២៣ ។ ហើយជាសំណុំរឿងជំនុំជម្រះលេខ:៣២៧ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤  ។ បន្ទាប់មកក្រុមប្រឹក្សាជម្រះដែលមានលោកស្រី ហៃ ណៃហេង ជាចៅក្រម និងប្រធាននិងតំណាងអយ្យការគឺលោក ជួង សារ៉ន បានជំនំជម្រះ ហើយចេញសាលក្រមព្រហ្មទណ្ឌលេខ៩៣១”គ” ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ដោយសម្រេចថា ៖
១-ផ្តន្ទាទោសឈ្មោះ វណ្ណាវី វិជ្ជន: (វច្ឆណ:) ហៅដែន ភេទប្រុស អាយុ៣៦ឆ្នាំ ដាក់ពន្ធនាគារ ” អស់មួយជីវិត” ពីបទ” ឃាតកម្មគិតទុកជាមុន “.ប្រព្រឹត្តនៅចំណុចក្រុមទី៩ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង  កាលពីថ្ងៃទី១៣ ខែធ្នូ  ឆ្នាំ២០២៣  ដែលជាបទល្មើសព្រហ្មទណ្ឌ មានចែងនិងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ។
២-បង្គាប់ជនជាប់ចោទសងជម្ងឺចិត្តទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ហៃ លក្ខិណា (កូនស្រីរបស់ជនរងគ្រោះ) ចំនួន១.០០០លានរៀល ជាដើម ។

ចំណែកសាលាឧទ្ធរណ៍ដែលមានលោក អុី ឃាង ជាចៅក្រមនិងជាប្រធានចៅក្រមក្រុមប្រឹក្សាជំនំជម្រះនិងលោក ហ៊ីង ប៊ុនថន ជាតំណាងមហាអយ្យការ បន្ទាប់ពីជំនំជម្រះសំណុំរឿងនេះកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ កន្លងមក លុះដល់ថ្ងៃទី២៣ ខែតុលា បានចេញប្រកាសសាលដីកាព្រហ្មទណ្ឌ ដោយបានរក្សាទុកជាបានការរបស់សាលាដំបូងខេត្ត ដែលបានសម្រេចផ្តន្ទាទោសជនជាប់ចោទ គឺ ឃាតកដាក់គុក១ជីវិតដដែល ។ ប៉ុន្តែបានបន្ថយសំណងជម្ងឺចិត្តពី១.០០០លានរៀល មកត្រឹម៦០០លានរៀលវិញ ។ នៅក្នុងដំណើរការសំណុំរឿង និងជំនំជម្រះ ទាំងជនជាប់ចោទ និងដើមបណ្តឹងរដ្ឋប្បវេណី សុទ្ធតែមានមេធាវីជាច្រើននាក់ ការពារសិទ្ធិរបស់ខ្លួនផងដែរ ។

សូមរំលឹកថា ក្រោយឃាតកម្មឃោរឃៅល្បីខ្ចរខ្ចាយដែលប្រជាជន មហាជនចាប់អារម្មណ័មួយនេះ ឃាតកបានរត់គេចខ្លួនដោយបង្វែងដានទៅ -មកតាមគោលដៅច្រើនកន្លែង។ ប៉ុន្តែក្នុងនោះ លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងទទួលផែនព្រហ្មទ័ណ្ឌបានបញ្ជារអោយកម្លាំងនគរបាលខេត្ត កម្លាំងជំនាញព្រហ្មទ័ណ្ឌរបស់ខេត្ត និងរបស់អធិការដ្ឋានស្រុកភ្នំព្រឹក ចុះទៅដល់កន្លែងកើតហេតុ ហ៊ុំព័ទ្ធទីតាំង សាកសួរព័ត៌មាននិងកំណត់មុខសញ្ញា ។ និងសុំបទបញ្ជារពីលោកឧត្តមសេនីយ៍ទោស្នងការ និងការសម្របសម្រួលនិតិវិធីពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ។

តមក ដោយមានការចង្អុលបង្ហាញនិងបទបញ្ជារពីលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការសម្របសម្រួលនិតិវិធីពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន  រយ:ពេលជិត១សប្តាហ៍ គឺរហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣  កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក៏ដូចជាកម្លាំងអធិការស្រុកវាលវែង បានឃាត់ខ្លួនជនសង័្សយនៅចំណុចមុខកាស៊ីណូអន្តរជាតិ ដាយមិន ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ ។ ហើយនគរបាលព្រហ្មទ័ណ្ឌនៃស្នងការដ្ឋានខេត្តបាត់ដំបង បានទទួលកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ វត្ថុតាងទៅតុលាការខេត្ត។

សូមបញ្ជាក់ដែរថា ជនរងគ្រោះបានក្លាយជាប្តីចុងរបស់អ្នកស្រី ថោង ណាវី តាំងពីជនជាប់ចោទ វណ្ណាវី វិជ្ជន: ហៅដែន នៅតូច ហើយគាត់បានចិញ្ចឹមបីបាច់និងទុកដូចជាកូន ក្នុងគ្រួសារ១។ លុះដល់ វណ្ណាវី វិជ្ជន: ហៅដែន នេះធំឡើង បានទៅរៀននៅក្នុងនិងក្រៅប្រទេស ហើយវិលមកប្រទេសវិញ។ ដោយបានទទួលការអប់រំ និងប្រាស្រ័យទាក់ទងនឹងមជ្ឈដ្ឋានខាងក្រៅ កូនដើមនេះមិនសូវស្តាប់ដំបូន្មានឡើយ  ហើយតែងបង្ករឿងនឹងឪពុកចុង និងអុកឡុកក្នុងគ្រួសារ ។ មុនកើតហេតុ ជនជាប់ចោទ និងជនរងគ្រោះមានទំនាស់នឹងគ្នាខ្លាំងជាញឹកញាប់ ។ ជនរងគ្រោះរស់នៅក្នុងភាពភ័យខ្លាច  បៀមទុក្ខនិងរងការគម្រាមកំហែងអាយុជីវិតជាបន្តបន្ទាប់ ។

ជនជាប់ចោទរៀបចំគម្រោងសម្លាប់ជនរងគ្រោះដែលជាឪពុកចុងនេះ ។ ទីបំផុត ជនជាប់ចោទបើកម៉ូតូម្នាក់ឯងពីក្រុងបាត់ដំបង មកដល់ផ្ទះជនរងគ្រោះ នៅស្រុកភ្នំព្រឹក ដល់នៅពេលព្រលប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ទាំងខ្លួនកំពុងស្រវឹងស្រា និងមានកំហឹង ។ជនជាប់ចោទបានទុកម៉ូតូក្រៅរបង រួចទៅបិទគុបដើម្បីផ្តាច់ភ្លើង និងកាមរ៉ាសុវត្ថិភាពក្នុងផ្ទះ ហើយសម្រុកចូលទៅចាក់នឹងកាំបិតចុងស្រួច លើជនរងគ្រោះ ពីផ្នែកខាងក្រោយជាច្រើនកន្លែង បណ្តាលអោយដេកដួលក្នុងថ្លុកឈាម ហើយបានស្លាប់។

ទាក់ទិនឃាតកម្មគិតទុកជាមុននេះ  បើយោងរូបភាពឃ្លីបវីដេអូ ក្នុងកាមរ៉ាសុវត្ថិភាព របស់ផ្ទះនៃជនរងគ្រោះ ដែលថតម្តុំថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ គេឃើញជនជាប់ចោទនេះ បានធ្វើអាកប្បកិរិយាព្រហើនកោងកាច ប្រើកាំបិតចុងស្រួចសង្កួត ចាក់តុបាយខ្លាំង និងរូបភាពបន្ទាប់មកទៀត ឃើញទៅបុកទ្វារបន្ទប់ដេក គម្រាមជីវិតជនរងគ្រោះផងដែរ ។
និងរូបភាព១ទៀត ថតនៅម៉ោង៦និង៤២នាទីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ គឺបន្ទាប់មានចរន្តអគ្គីសនីនិងកាមរ៉ាដើរឡើងវិញ ហើយក្នុងផ្ទះក៏មានភ្លើងភ្លឺ គេឃើញកៅអីដែលជនរងគ្រោះអង្គុយ បានដួល ។
ឯនៅលើកម្រាលឥដ្ឋ មានស្លាកស្នាមឈាម ត្បិតជនជាប់ចោទ និងម្តាយរបស់គេសម្អាតមិនទាន់ស្អាត នៅក្រោយឃាតកម្មនោះ ។

យោងប្រភពខាងលើ បានបន្តទៀតថា នៅឯពេលសួរចម្លើយ និងសួរបំភ្លឺវិញ ការផ្តល់ភស្តុតាងនិងសាក្សី ទាំងក្នុងអង្គហេតុ ទាំងក្នុងអង្គច្បាប់ នៅកន្លែងសមត្ថកិច្ចនគរបាល ,នៅតំណាងអយ្យការនិងចៅក្រមស៊ើបសួរ ក៏ដូចក្នុងពេលសវនាការជំនំជម្រះចំពោះមុខ បានបង្ហាញថា ជនជាប់ចោទបានបង្កហេតុ មានកំហឹង គុំគួន និងរៀបចំគម្រោងឃាតកម្មនេះ ។  ហេតុដូច្នេះហើយ នៅពេលកើតហេតុ ជនជាប់ចោទនេះ បានប្រើកាំបិតចុងស្រួច វាយប្រហារពីក្រោយខ្នងជនរងគ្រោះដោយមិនអោយតដៃបាន ដូចជាចាក់លិចជ្រៅៗច្រើនកាំបិតចំកញ្ចឹងក ត្រចៀកខាងស្តាំ ស្មារខាងឆ្វេង ត្រចៀកខាងឆ្វេងបណ្តាលអោយដួលដេកស្លាប់ក្នុងថ្លុកឈាម។

ប្រភពព័ត៌មានផ្សេងទៀតអោយដឹងដែរថា : ទោះជាយ៉ាងនេះក្តី ក៏ជនជាប់ចោទនៅបានឆ្លើយបដិសេធនិងផ្លាស់ប្តូរចម្លើយ នៅពេលបំភ្លឺទៅសមត្ថកិច្ចអនុវត្តច្បាប់ទាំងនៅដំណាក់កាលស្រាវជ្រាវ ស៊ើបសួរនិងដំណាក់កាលជំនុំជម្រះ ។ ហើយក៏ស្នើសុំប្តូរបទចោទផងដែរ ។

បន្ទាប់ពីសំណុំរឿងឃាតកម្មនេះ បានត្រូវនាំមកជំនំជម្រះ នៅសាលាដំបូងខេត្តនិងបន្ទាប់មកនៅសាលាឧទ្ធរណ៍តំបន់ក្នុងខេត្តបាត់ដំបង ហើយបានចេញសាលក្រម និងចេញសាលដីកាផ្តន្ទាទោសជនជាប់ចោទជាឃាតកអោយជាប់ពន្ធនាគារអស់មួយជីវីតនិងសងជម្ងឺចិត្តមកដើម្បីបណ្តឹងរដ្ឋប្បវេណីផងនោះ ។

ជាចុងក្រោយ ក្រុមគ្រួសារជនរងគ្រោះសូមគោរពជូនពរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ មន្ត្រីសមត្ថកិច្ចស្ថាប័នអនុវត្តច្បាប់គ្រប់ថ្នាក់ក្រោមដំបូលនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានបំបែកសំណុំរឿងឃាតកម្មគិតទុកជាមុនមួយនេះ ។

នេះជាសក្ខីភាពនៃការផ្តល់នូវជំនឿទុកចិត្ត , ភាពកក់ក្តៅនិងការធានាថា ជនរងគ្រោះតែងតែទទួលបានភាពយុត្តិធម៌ ។ ហើយជនជាប់ចោទ ក៏ទទួលបាននូវផលដែលខ្លួនប្រព្រឹត្តល្មើសផងដែរ ៕

CATEGORIES
Share This