អាជ្ញាធរខេត្តប៉ៃលិន បានស្តារស្ថានភាពរស់នៅរបស់ពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង មកជាប្រក្រតីឡើងវិញ
ប៉ៃលិន ៖ ក្នុងឱកាសអញ្ជើញដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាជ្ញាធរមូលដ្ឋានខេត្តគ្រប់ជាន់ថ្នាក់ កងកម្លាំងចម្រុះ និងយុវជន សសយក បានចុះជួយប្រជាពលរដ្ឋបានទាន់ពេលវេលា ជួយស្តារស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង មកជាប្រក្រតីឡើងវិញ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ ណែនាំ ដល់ អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ត្រូវ គ្រប់គ្រង ដី ចំណី ផ្លូវ ចំណីអូ និងស្ទឹង ឱ្យ បាន ច្បាស់លាស់ ហើយត្រូវអប់រំ ប្រជាពលរដ្ឋ ឱ្យ គោរព ច្បាប់ ដោយចៀសវាង ការ យក ដី ចំណី ផ្លូវ ចំណីអូ និងស្ទឹង ធ្វើ ជា កន្លែង រស់នៅ ឬ រកស៊ី ដែល ធ្វើឱ្យ មាន ការ ប៉ះពាល់ យូរអង្វែង ដល់ផលប្រយោជន៍សាធារណៈ ជាពិសេសប្រព័ន្ធលូបង្ហូរទឹកនៅតាមដងផ្លូវ បណ្តាលអោយមានទឹកជន់លេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានថ្លែងអំណរគុណ ដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់, គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្ត, សាខាកាកបាទក្រហមខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបានសហការបំពេញបេសកម្មជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងបានទាន់ពេលវេលា ដោយមិនមានប្រជាពលរដ្ឋណាម្នាក់ រងគ្រោះប៉ះពាល់ដល់អាយុជីវិតនោះទេ ជាពិសេស បានជួយស្តារស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធ ដែលរងផលប៉ះពាល់ មកជាប្រក្រតីឡើងវិញ។
សូមរំលឹកថា៖ កាលពីវេលាម៉ោង ៥រសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ជំនន់ទឹកភ្លៀង បានជន់លេចលង់ភ្លាមៗ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ចំនួន ជិត ២០០គ្រួសារ នៅភូមិផ្សារព្រំ «ចំណុចលូដាច់» ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ៕