នគរបាលក្រុងប៉ោយប៉ែត ចុះបង្ក្រាបនូវទីតាំងខេធីវី (ហូលីវូដ) ឃាត់ខ្លួនអ្នកពាក់ព័ន្ធគ្រឿងញៀន ៨នាក់

ប៉ោយប៉ែត ៖ សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីទាបភ្លឺថ្ងៃទី២០ ខែតុលា  ឆ្នាំ២០២៤ បានចុះបង្រ្កាប់ទីតាំងKTV និងក្លឹប មួយកន្លែងយីហោ (ហូលីវូដ) ដែលស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្រួកពិនិត្យឃាត់ខ្លួនអ្នកពាក់ព័ន្ធគ្រឿងញៀន ចំនួន៨នាក់។

ការចុះបង្រ្កាប់នេះ ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយ ពីសារពត៌មានក្នុងស្រុក មួយកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់និងមានល្បែងសុីសង។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងមានការការសម្របសម្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

កម្លាំងសមត្ថកិច្ចពេលចុះបង្រ្កាប់ទីតាំង KTV ខាងលើបានឃើញមានចងខ្សែ និងដាក់ស្លាក (ហាមចូល) នៅមាត់ទ្វារចូល និងពុំមានភ្លើងបើកនោះទេ ដោយមានការសហការជាមួយសន្តិសុខ ដែលមើលការនៅទីនោះ។

ហើយកម្លាំងបានចូលទៅត្រួតពិនិត្យឃើញ មានការប្រើប្រាស់គ្រឿងញៀន ខុសច្បាប់មួយបន្ទប់យីហោ (DIOR) ឃាត់ខ្លួនបានចំនួន០៨នាក់/ស្រី០៤នាក់សម្ភារៈ និងវត្ថុតាងមាន ៖ ១.ថង់កឹបសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយ(ប្រើប្រាស់អស់)។ ២.ទុយោសម្រាប់ប្រើប្រាស់គ្រឿងញៀន០១ ។ និងបានបន្តធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនលទ្ធផល វិជ្ជមាន(+)០៤នាក់, អវិជ្ជមាន(-)០៤នាក់ ។ ក្នុងនោះសមត្ថកិច្ចបានត្រួតពិនិត្យ គ្រប់បន្ទប់ផ្សេងទៀតត្រូវបានបិទ គឺ មិនមានមនុស្ស និងការប្រើប្រាស់សារធាតុញៀននទេ និងមិនមានការដាក់ទូបាញ់ត្រីនោះដែរ។ សម្ត្ថកិច្ចបានឃាត់ខ្លួនមនុស្ស និងវត្ថុតាងពាកព័ន្ធមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសួនាំចាត់តាមនិតិវិធី ច្បាប់។

គួរបញ្ជក់ថា ទីតាំង KTV ខាងលើ ត្រូវបានសមត្ថកិច្ចចុះបង្រ្កាប់ជាញឹកញាប់ ជុំវិញបទល្មើសអោយមានការប្រើប្រាស់គ្រឿងញៀន និងល្បែងសុីសងខុសច្បាប់ និងបានឃាត់ខ្លួននាក់ជាប់ពាក់ព័ន្ធជាច្រើននាក់ ហើយក៏ត្រូវបានបិទទីតាំងជាច្រើនដង និងបានបើកវិញបន្ត បន្ទាប់ពីការបិទដោយគ្រាន់តែដូចឈ្មោះ ពីមួយទៅមួយ ដូចជាដើមឡើយមានឈ្មោះ KTV ថាចដោន មកឈ្មោះ KTV ចាស់ស្មិន មកឈ្មោះ KTV ប៊ី៩(B9) និងចុងក្រោយនេះឈ្មោះ KTV និងClub (HoLLy WOOD) ។

គេពុំដឹងថា ថៅកែនៃKTVខាងលើ ជាអ្នកណាទេ? បានជាអាចបើកបានជាបន្តបន្ទាប់ ទោះជាមានបទល្មើសដែលសមត្ថកិច្ចបង្រ្កាប់ បានជាច្រើនដងក៏ដោយ ៕

CATEGORIES
Share This