ខេត្តបាត់ដំបង ទទួលភ្ញៀវទេសចរជាង ១លាននាក់ចូលលេងកម្សាន្ត ក្នុងពិធីបុណ្យអុំទូក
បាត់ដំបង ៖ លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងនៅយប់ថ្ងៃទី១៧ ខែតុលា នេះថា ក្នុងពិធីបុណ្យអុំទូក និងបណ្តែតប្រទីបនៃថ្ងៃចេញព្រះវស្សានាស្ទឹងសង្កែ កណ្តាលក្រុងបាត់ដំបង ដែលមានរយ:ពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចូលមកលំហែរអារម្មណ៍កម្សាន្ត សរុបចំនួន ១,១៧៣,៣៨៦នាក់ កើនឡើងចំនួន ៧.១១% ធៀបឆ្នាំ២០២៣ មានត្រឹមចំនួន ១,០៩៥,៤៦២នាក់ ។
លោក អ៊ុច អ៊ុំភីនីស្សារ៉ា បានបន្ថែមថា ក្នុងចំណោមភ្ញៀវទេសចរទាំងអស់ខាងលើនៅថ្ងៃដំបូងត្រូវនិងថ្ងៃទី១៦ ខែតុលា ភ្ញៀវមានចំនួន ៤៦១,៧៩១នាក់ កើនឡើង ៩.៥១% ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ២២៣នាក់ ហ៧ដោយឡែកសម្រាប់ភ្ញៀវទេសចរសម្រុកចូលលេងនៅថ្ងៃទី១៧ ខែតុលា វិញ មានចំនួន ៧១១,៥៩៥នាក់ កើនឡើង ៥.៦២% ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន២៦៧នាក់។
មន្ត្រីជំនាញដដែលបានបញ្ជាក់បន្ថែមថា ចំនួនភ្ញៀវទេសចរដែលកើនឡើងយ៉ាងគំហុករហូតជាង១លាននាក់បានចូលមកលេងក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីបក្នុងថ្ងៃចេញព្រះវស្សាឆ្នាំនេះដោយសារកត្តារួមផ្សំជាច្រើនរួមមាន: ការរៀបចំកែលំអសួនច្បារ សួនកម្សាន្ត លើកកម្ពស់សម្រស់ដងស្ទឹងសង្កែប្រកបដោយភាពបៃតង កត្តាសន្តិសុខសណ្តាប់ធ្នាប់ និងអនាម័យ មានកងកម្លាំងប្រដាប់អាវុធ ប្រជាការពារ នៅប្រចាំការដើម្បីជួយថែរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខជូនភ្ញៀវ ,ការតុបតែងភ្លើងពណ៌តាមកំណាត់ផ្លូវសំខាន់ៗ មានបែងចែកមណ្ឌលកម្សាន្ត និងស្តង់តាំងពិព័រណផងដែរ ៕