នគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បញ្ជូនជនជតិថៃ ១១នាក់ ដែលលួចឆ្លងដែន និងធ្វើការខុសច្បាប់ ចេញពីកម្ពុជា
បន្ទាយមានជ័យ ៖ ជនជាតិថៃប្រុសស្រី១១នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយកម្លាំងការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបញ្ជូនចេញពីប្រទេសកម្ពុជា បន្ទាប់ពី លួចឆ្លងដែន និងស្នាក់នៅធ្វើការដោយខុសច្បាប់នៅកម្ពុជា ។
ពិធីប្រគល់-ទទួល និងបញ្ជូនចេញនូវជនជាតិថៃខាងលើ ធ្វើឡើងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅនឹងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ដោយខាងកម្ពុជាដឹកនាំដោយលោកវរសេនីយ៍ទោ ឌុច ចាន់តារារិទ្ធ ឋានៈនាយរងការិយាល័យ និងខាងភាគីថៃដឹកនាំដោយ លោកស្រីអនុសេនីយ៍ឯក JARUDA TONPRANG ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ។
ជនជាតិថៃដែលត្រូវបានបញ្ជូនចេញខាងលើ មានចំនួន១១នាក់ ស្រី០៥នាក់ (ខ្វះប្រកាសបណ្តេញចេញ) ពីបទលួចឆ្លងដែន (គ្មានលិខិតឆ្លងដែន) និងស្នាក់នៅធ្វើការងារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយខុសច្បាប់ ។ យោងតាមបញ្ជាលោកឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល០៥ឆ្នាំ ៕