ពិធីបុណ្យអុំទូកថ្ងៃដំបូង ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរជាង ៤០ម៉ឺននាក់
បាត់ដំបង ៖ យោងតាមរបាយការណ៍របស់លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា ក្នុងពិធីបុណ្យអុំទូក និងបណ្តែតប្រទីបថ្ងៃដំបូង ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅស្ទឹងសង្កែ កណ្តាលក្រុងបាត់ដំបង ដែលជាថ្ងៃចេញព្រះវស្សា ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកលំហែរអារម្មណ៍កម្សាន្តសរុបចំនួន ៤៦១,៧៩១នាក់ មានការកើនឡើង ៩.៥១% បើធៀបនិងឆ្នាំ២០២៣ មានចំនួន ៤២១,៧០៥នាក់។
របាយការណ៍ដដែល បានបង្ហាញទៀតថា ក្នុងចំណោមភ្ញៀវទេសចរទាំងអស់ខាងលើ ក្នុងនោះភ្ញៀវជាតិមានចំនួន ៤៦១,៥៦៨នាក់ មានការកើនឡើង ៩.៥១% បើធៀបនិងឆ្នាំ២០២៣ មានចំនួន ៤២១,៥០០នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ២២៣នាក់ មានការកើនឡើង ៨.៧៨% បើធៀបនិងឆ្នាំ២០២៣ មានចំនួន ២០៥នាក់។
មន្ត្រីជំនាញដដែលបានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរដែលកើនឡើងនេះដោយសារកត្តារួមផ្សំជាច្រើនរួមមាន: ប្រទេសមានសុខសន្តិភាពពេញលេញ អាកាសធាតុអំណោយផល ពិសេសរដ្ឋបាលខេត្តបានរៀបចំសន្តិសុខសណ្តាប់ធ្នាប់បានល្អ ៕
ដោយ ៖ សាលី