ភ្លៀងមួយមេធំ លិចដល់កំណាត់ផ្លូវជាតិលេខ៥ និងផ្លូវបេតុងជាច្រើនខ្សែ នៅក្រុងប៉ោយប៉ែត ជាពិសេសផ្លូវផ្សារត្រី

ប៉ោយប៉ែត ៖ ភ្លៀងមួយមេយ៉ាងខ្លាំងកាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នេះបណ្តាលអោយជន់លិចដល់កំណាត់ផ្លូវជាតិលេខ៥ និងផ្លូវបេតុងជាច្រើនខ្សែ កណ្តាលក្រុងប៉ោយប៉ែត ជាពិសេសកំណាត់ផ្លូវបេតុងផ្សារត្រី និងផ្លូវមុខសាលាបឋមសិក្សាព្រហ្មនិមិត្ត និងមានទឹកខ្មៅចេញពីលូមានក្លិនស្អុយពេញផ្លូវតែម្តង។

តាមភាពជាក់ស្តែង និងការអោយដឹងពីប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវ ដែលតែងទឹកលិច បានអោយដឹងថា ផ្លូវដែលតែងទឹកលិចជាប្រចាំ ហើយមានទឹកខ្មៅស្អុយចេញពីប្រព័ន្ធលូ ហូរលាយឡំពេញផ្លូវ មានក្លិនស្អុយ មានផ្លូវមេបេតុងបីទៅបួនខ្សែ ដែលបំបែកចេញពីផ្លូវជាតិលេខ៥ បែកខាងជើងចាប់ពីផ្លូវចូលវត្តថ្មី ផ្លូវអង់តែន ០១៦ ផ្លូវឆ្ពោះទៅសាលាសង្កាត់ប៉ោយប៉ែត និងផ្លូវផ្សារត្រី។ មិនថែមតែប៉ុណ្ណោះ កំណាត់ផ្លូវជាត់លេខ៥ ត្រង់ចំណុចខ្លះ នៃក្រុងប៉ោយប៉ែត ម្តុំសួនតេជោឈ្នះឈ្នះ ក៏បានជនលិចដែរ។

ពួកគាត់បានអោយដឹងទៀតថា មួយរយៈនេះ មិនថាភ្លៀងខ្លាំងទេ ដោយគ្រាន់តែរលឹមល្មមៗ ក៏ទឹកហូរលិចផ្លូវដែរ ហើយជារឿងធម្មតាសម្រាប់អ្នករស់នៅក្រុងប៉ោយប៉ែត ទៅហើយក្នុងការបើកកាត់ទឹក ឬដើរលុយទឹកខ្មៅស្អុយ ដែលចេញពីលូលិចផ្លូវនៅពេលដែលមានភ្លៀងខម្តងៗ។ អ្វីដែលសំខាន់ សូមអោយអ្នកបើកបរយានយន្តទាំងឡាយ មេត្តាកុំបើកលឿ នៅពេលដែលផ្លូវមានទឹកលិច ព្រោះវាធ្វើអោយសាចទឹកប៉ះពាល់អ្នកដទៃ និងធ្វើអោយរលកទឹកចូលផ្ទះសងខាងផ្លូវ។

ការដែលទឹកជនលិចផ្លូវក៏ដោយសារ តែលូសងខាងផ្លូវកន្លែងខ្លះ កកស្ទះមិនអាចអោយទឹកហូរបាន ធ្វើអោយទឹកដែលនៅតំបន់ដែលខ្ពស់ហូរតាមលូ ហើយចេញតាមលូនាំមកនាំទឹកខ្មៅស្អុយរលួយ ។ ហើយការលិចផ្លូវនេះ មិនមែនលិចមួយម៉ោង ឬពីរម៉ោង ក្រោយភ្លៀងរាំងនោះទេ គឺមានរយៈពេលពីមួយយប់ ទៅមួយថ្ងៃ ទើបអាចស្រកអស់ បើមិនមានភ្លៀងបន្តទៀត ។ តែបើនៅតែមានភ្លៀងបន្តធ្លាក់ទៀត ទឹកដែលជនលិចផ្លូវនៅកាន់តែច្រើន ។ ចំណុចដែលលិចយូរជាងគេ គឺ នៅផ្លូវបេតុងមុខសាលាបឋមសិក្សាព្រហ្មនិមិត្ត អោយតែដល់ខែវស្សាសិស្សសាលា តែងលុយទឹកយូរជាងគេ។

បើតាមការអោយដឹង ពីអាជ្ញាធរក្រុងប៉ោយប៉ែត កន្លងមកគឺអាជ្ញារធរសង្តាត់ តែងចុះស្តារ និងដោះស្រាយបញ្ហានេះជាញឹកញាប់ ហើយមិនយូរប៉ុន្មានទេ ផ្លូវទាំងអស់ខាងលើ នឹងលេងលិចដោយសារតែផ្លូវទាំងអស់ ស្ថិតក្នុងគម្រោង ADB ដែលត្រូវចប់ការសិក្សានៅឆ្នាំក្រោយ ហើយក្រុងប៉ោយប៉ែត តាមរយៈគម្រោងនេះ នឹងប្រែក្លាយជាទីក្រុងចង់រស់នៅ ៕

CATEGORIES
Share This