ឯកឧត្តម សុខ លូ ជឿជាក់ក្នុងពិធីបុណ្យអុំទូកអបអរសាទរថ្ងៃចេញព្រះវស្សា ខេត្តបាត់ដំបងនឹងទទួលបានបងប្អូនមកលេងច្រើន
បាត់ដំបង ៖ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនកីឡាករទូកង នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ កាលពីបុណ្យភ្ជំបិណ្ឌកន្លងមកនេះ បើយោងតាមតួលេខផ្លូវការរបស់ក្រសួងទេសចរណ៍ ខេត្តបាត់ដំបងបានទទួលភ្ញៀវដែលមកលេងកម្សាន្តរហូត ២១ម៉ឺននាក់ ហើយបើធៀបទៅតាមបណ្ដារាជធានីខេត្ត គឺបាត់ដំបងទទួលបានលំដាប់លេខ០១ ហើយលោកជឿជាក់ថា ក្នុងពិធីបុណ្យអុំទូកអបអរសាទរថ្ងៃចេញព្រះវស្សាខេត្តបាត់ដំបងនិងរក្សាទទួលបានបងប្អូនមកលេងច្រើន។
ឯកឧត្តមបានបន្តថា អ្វីដែលបន្សល់ទុកតាំងពីជំនាន់សម្តេចតេជោ លោកដឹកនាំជានាយករដ្ឋមន្ត្រីគឺសន្តិភាពទើបអាចអោយយើងធ្វើរៀបចំអ្វីៗបាន ហើយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេន យើងធ្វើយ៉ាងម៉េចរក្សាសន្តិភាពនេះអោយបានទើបយើងមានឱកាសរៀបចំកម្មវិធីបែបនេះបាន ហើយក៏សូមអរគុណទៅដល់កម្លាំងស្នងការខេត្ត កម្លាំងអាវុធហត្ថខេត្ត កម្លាំងយោធាខេត្ត ដែលកន្លងមកបានចូលរួមជួយកិច្ចការងារសន្តិសុខដល់បងប្អូនប្រជាពលរដ្ឋយើងអោយបានសប្បាយរីករាយ។
ជាចុងក្រោយ ឯកឧត្តមក៏បានអំពាវនាវទៅដល់កីឡាករទូកងទាំងអស់ រយៈពេល០២ថ្ងៃក្នុងពិធីប្រណាំងទូកង នាថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤នេះ សូមកុំពិសាគ្រឿងស្រវឹងនិងដើរដាច់យប់ ដើម្បីត្រៀមកម្លាំងទុកប្រកួតប្រជែងយកជ័យជំនះអោយបាន ៕
ដោយ ៖ សាលី