រថក្រោះអ៊ីស្រាអែល បានសម្រុកចូលទៅក្នុងមូលដ្ឋានកងរក្សាសន្តិភាពនៅលីបង់

អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអាទិត្យ (១៣ តុលា) ថា រថក្រោះអ៊ីស្រាអែល បានសម្រុកតាមច្រកទ្វាររបស់មូលដ្ឋានកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួននៅភាគខាងត្បូងប្រទេសលីបង់ ដែលជាការចោទប្រកាន់ចុងក្រោយបង្អស់នៃការរំលោភបំពាន និងការវាយប្រហាររបស់អ៊ីស្រាអែល ដែលត្រូវបានរិះគន់ដោយសម្ព័ន្ធមិត្តរបស់ខ្លួន។

កងរក្សាសន្តិភាព UNIFIL បាននិយាយថា រថក្រោះ មឺកាវ៉ា (Merkava) របស់អ៊ីស្រាអែលចំនួនពីរគ្រឿង បានបំផ្លាញច្រកទ្វារសំខាន់នៃមូលដ្ឋាន ហើយសម្រុកចូលដោយបង្ខំនៅព្រឹកព្រលឹមថ្ងៃអាទិត្យ ដោយបន្ថែមថា បន្ទាប់ពីរថក្រោះចាកចេញ គ្រាប់ផ្លោងបានផ្ទុះនៅចម្ងាយ ១០០ម៉ែត្រ ដោយបញ្ចេញផ្សែងហុយពេញមូលដ្ឋាន និងធ្វើឱ្យបុគ្គលិកអង្គការសហប្រជាជាតិឈឺ។

យោធាអ៊ីស្រាអែល បានបកស្រាយថា ពួកសកម្មប្រយុទ្ធនៃក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់មីស៊ីលប្រឆាំងរថក្រោះទៅកាន់កងទ័ពអ៊ីស្រាអែល នៅជិតប៉ុស្តិ៍កងរក្សាសន្តិភាព ហើយរថក្រោះដែលជួយជម្លៀសអ្នកស្លាប់ និងរបួស បានស្ថិតក្រោមការបាញ់ប្រហារ បន្ទាប់មកក៏ចូលទៅប៉ុស្តិ៍ UNIFIL ដោយបដិសេធថានោះមិនមែនជាការសម្រុកចូលទេ។

ចំពោះការផ្ទុះគ្រាប់ផ្លោង យោធាអ៊ីស្រាអែល និយាយថា ខ្លួនបានប្រើផ្សែងបំភ័ន្តដើម្បីការពារការជម្លៀសទាហានដែលរងរបួសប៉ុណ្ណោះ ហើយមិនមានគ្រោះថ្នាក់ដល់កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិឡើយ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រាប់ UNIFIL ឱ្យចាកចេញពីទីតាំងនៅជិតបន្ទាយក្រុមហេសបូឡា និងតំបន់ប្រយុទ្ធ ខណៈកងរក្សាសន្តិភាពនេះទទូចថាខ្លួននឹងបន្តនៅលីបង់៕

CATEGORIES
Share This